ការនាំចេញផលិតផលតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដែលមានតម្លៃទាបរបស់ប្រទេសចិន បានធ្លាក់ចុះដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងតម្រូវការខ្សោយពីអ្នកប្រើប្រាស់នៅប្រទេសលោកខាងលិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បន្ទាប់ពីមានកំណើនយ៉ាងខ្លាំងក្នុងរយៈពេល ៦ឆ្នាំកន្លងមក ការនាំចេញទំនិញអនឡាញដែលមានតម្លៃទាបតាមរយៈវេទិកាធំៗ ដូចជា Temu , Shein និង AliExpress ថ្មីៗនេះ បានប្រឈមមុខទៅនឹងផលលំបាកខ្លាំង។ នៅក្នុងខែមេសា ការនាំចេញបានធ្លាក់ចុះ ១០,៩% ធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹម ៩,៨១ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះសម្រាប់ខែទី៥ជាប់ៗគ្នា។
គួរឲ្យដឹងថា ប្រទេសនេះធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងវិធីសាស្រ្តនៃការនាំចេញផលិតផលថោកៗ ដូចជារ៉ូបដែលមានតម្លៃត្រឹមតែ ៥ដុល្លារ ដោយផ្ទាល់ពីរោងចក្រចិនទៅកាន់អ្នកប្រើប្រាស់សកលតាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស។
ប៉ុន្តែគំរូនេះស្ថិតនៅក្រោមសម្ពាធ ចាប់តាំងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធ និងបញ្ចប់ការលើកលែងពន្ធសម្រាប់ការដឹកជញ្ជូនដែលមានតម្លៃទាបកាលពីឆ្នាំមុន។ សហភាពអឺរ៉ុបក៏មានគម្រោងដាក់ថ្លៃសេវា ៣អឺរ៉ូលើការដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិកដែលមានតម្លៃទាបចាប់ពីថ្ងៃទី១ ខែកក្កដាខាងមុខនេះផងដែរ។
លើសពីនេះ ថ្លៃដើមដឹកជញ្ជូនកំពុងកើនឡើងយ៉ាងខ្លាំងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ទិន្នន័យ និងប្រភពដែលដកស្រង់ដោយ Reuters បង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូនដូចជា DHL Express បានអនុវត្តការគិតថ្លៃបន្ថែមលើប្រេងឥន្ធនៈយ៉ាងច្រើន។ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈក៏កំពុងកាត់បន្ថយអំណាចទិញរបស់គ្រួសារនៅសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ៕

