អគ្គលេខាធិការរង UN ឯកភាពលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយគោរពតាមច្បាប់អន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ កោត​សរសើរ កម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន ខណៈអគ្គលេខាក៏បានឯកភាពគ្នាលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយគោរពតាមច្បាប់អន្តរជាតិ។នេះបើតាមជំនួបជាមួយ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុងជំនួបនេះ លោកស្រីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះសមត្ថភាព​ និង​បទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបាន​ចូលរួម​ចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព​​ ក្រោមឆ័ត្រ​អង្គការ​សហប្រជាជាតិ​ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះ​បង្ហាញ​ពីឆន្ទៈរបស់កម្ពុជា​ ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព​ និងការចែករំលែក​បទពិសោធន៍ដ៏ល្អនេះ​ទៅកាន់​ពិភពលោក។ លោកស្រីក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងបេសកកម្មរបស់លោកស្រី ដែលបានមកកាន់កម្ពុជា នៅមុនឆ្នាំ១៩៩១ ដើម្បីជួយសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនកម្ពុជា ចូលមាតុប្រទេសវិញ។

ជាការឆ្លើយតប សម្តេចធិបតីបានជម្រាបជូនលោកស្រីអគ្គលេខាធិការរងអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតមីន និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​ និងជោគជ័យរបស់កម្ពុជា។ សម្តេចធិបតីបានរំលឹកអំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លង​មក និងបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុត មានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត​។

តាមរយៈជំនួបនោះ សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង ក៏បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និង​អន្តរជាតិ​មួយចំនួន និងបានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមគ្នានេះ សម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ៕អត្ថបទ៖ហ្សាលីន