ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបញ្ជាក់ឱ្យដឹងថា នៅក្នុងត្រីមាសទី១ ពោលគិតចាប់ពីខែមករា-មីនា ឆ្នាំ២០២៦ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ជប៉ុន សម្រេចបានជាង ៧៥០ លានដុល្លារអាមេរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងដូច្នេះ នៅក្នុងឱកាសបានអញ្ជើញចូលរួមជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាលំដាប់អន្តរជាតិ Nikkei Forum លើកទី៣១ ស្តីពី «អនាគតរបស់អាស៊ី» (The Future of Asia) ក្រោមមូលបទ «ការរួមគ្នាកសាងអាស៊ីមួយដែលមានភាពធន់ និងវិបុលភាពជាងមុន» កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជាដៃគូដ៏ស្មោះត្រង់ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ សម្រេចបានជាង ៧៥០ លានដុល្លារអាមេរិក (កើនឡើងជិត ១៥% ធៀបនឹងឆ្នាំមុន) ដែលឆ្លុះបញ្ចាំងពីតម្លៃនៃគុណភាព និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។
បច្ចុប្បន្ន កម្ពុជាកំពុងវិវឌ្ឍខ្លួនយ៉ាងលឿនទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ការផលិតសំបកកង់រថយន្ត និងគ្រឿងបង្គុំរថយន្ត (ដែលក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ការនាំចេញក្នុងវិស័យនេះ សម្រេចបានដល់ ៥៨០ លានដុល្លារអាមេរិក ដោយគ្រឿងបង្គុំរថយន្ត កើនឡើងជាង ៣០ភាគរយ បើធៀបឆ្នាំ២០២៥៕ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)៕ អត្ថបទ៖ហ្សាលីន

