ក្រុមហ៊ុនជប៉ុនដែលមានទុនរាប់ពាន់លានដុល្លារ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Minebea Cambodia ដែលជាក្រុមហ៊ុនធំមួយរបស់ជប៉ុន និងមានទុនវិនិយោគរាប់ពានលានដុល្លារ បានបង្ហាញពីបំណងចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាលើសំណើសុំពង្រីកគម្រោងវិនិយោគនេះ។ នេះបើតាមជំនួបពិភាក្សាការងាររវាងលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុន Minebea Cambodia ជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះ ពិភាក្សាលើការសំណើសុំពង្រីកគម្រោងវិនិយោគរបស់ក្រុមហ៊ុន Minebea Cambodia ដោយរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ ខណៈក្រុមហ៊ុននេះទទួលបានលទ្ធផលល្អក្នុងដំណើរការអាជីវកម្មរបស់ខ្លួនតាំងពីសម្រេចដាក់ទុនវិនិយោគដំបូងនៅកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។

ក្រុមហ៊ុន Minebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៦៩១១នាក់ ដោយក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។

គួរបញ្ជាក់ដែរថា បើគិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស(ត.ស.ព) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង។ នេះបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ អត្ថបទ៖ រង្សី