លោក Elon Musk ដែលជាមហាសេដ្ឋីមានដាច់គេ ត្រូវបានគេរាយការណ៍ថាបានកើនឡើងទ្រព្យសម្បត្តិសរុបរបស់ខ្លួនរហូតដល់ ១ទ្រីលានដុល្លារ ដោយសារតែការចេញលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុនអវកាស SpaceX កាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី១១ ខែមិថុនា ក្រុមហ៊ុន SpaceX ដែលគ្រប់គ្រងដោយលោក Musk បានកំណត់តម្លៃភាគហ៊ុនជាសាធារណៈលើកដំបូង នៅចំនួន ១៣៥ដុល្លារក្នុងមួយហ៊ុន។ ការផ្តល់ជូននេះបានជួយឲ្យ SpaceX រៃអង្គាសប្រាក់បាននៅក្នុងចំនួនកំណត់ត្រារហូតដល់ ៧៥ពាន់លានដុល្លារ តាមរយៈការលក់ភាគហ៊ុនចំនួន ៥៥៥,៥៦ លានហ៊ុន។
មុនពេលចេញលក់ IPO នេះ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Musk មានចំនួនប្រមាណ ៧៨០ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ ដោយផ្អែកលើតម្លៃ IPO ដែលត្រូវបានចេញលក់ថ្មីៗនេះ ទាំង Reuters និង Forbes បានគណនាភាគហ៊ុនរបស់លោក Musk នៅក្នុង SpaceX ថាមានតម្លៃប្រហែល ៨៦៦ពាន់លានដុល្លារ។ ដូច្នេះ នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនចាប់ផ្តើមជួញដូរនៅថ្ងៃទី១២ ខែមិថុនា រួមផ្សំជាមួយនឹងទ្រព្យសម្បត្តិផ្សេងទៀត នឹងធ្វើឲ្យលោក Musk មានទ្រព្យសម្បត្តិសរុបរហូតដល់ជាង ១,១ទ្រីលានដុល្លារឯណោះ។
គួរជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិភាគច្រើនរបស់ Musk គឺបានមកពីភាគហ៊ុនជាង ៤០% របស់លោកនៅក្នុង SpaceX។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០២ ដោយផ្តោតលើការអភិវឌ្ឍរ៉ុក្កែត យានអវកាស និងសេវាកម្មផ្កាយរណប។ នៅក្នុងខែកុម្ភៈ ពួកគេបានទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់លោក Musk គឺ xAI មករួមបញ្ចូលគ្នា។ ហើយនៅមួយឆ្នាំមុន xAI ក៏បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនបណ្តាញសង្គម X ផងដែរ៕

