មេធំ​ Nvidia ថាឲ្យតែនរណាចេញហូបបាយក្រៅជាមួយលោក នឹងឃើញតម្លៃភាគហ៊ុនរបស់ពួកគេកើនឡើងទ្វេដង

អន្តរជាតិ

លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បាននិយាយបែបលេងសើចថា​អ្នកណាដែលបានទទួលទានអាហារពេលល្ងាចជាមួយលោក តែងតែឃើញតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេកើនឡើងទ្វេដងនៅថ្ងៃបន្ទាប់មិនខាន ខណៈពេលដែលការចេញក្រៅជាសាធារណៈរបស់លោក កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Huang បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសរបស់ Nvidia កាលពីថ្ងៃទី២៦ ខែសីហាថា ៖”រឿងមួយដែលគួរឲ្យអស់សំណើចបំផុតដែលពួកគេត្រូវធ្វើ គឺគ្រាន់តែទៅរកមើលថា តើខ្ញុំទៅញ៉ាំអាហារពេលល្ងាចនៅទីណា ហើយជាមួយអ្នកណា។ នោះតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ពួកគេនឹងកើនឡើងទ្វេដងនៅថ្ងៃបន្ទាប់មិនខាន”។

យ៉ាងណាមិញ​ បើទោះបីជាលោក Huang និយាយលេងសើចអំពីភាគហ៊ុនកើនឡើងទ្វេដងត្រឹមតែមួយយប់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនណាមួយដែលមានពាក់ព័ន្ធនឹងការញ៉ាំអាហារពេលល្ងាចជាសាធារណៈជាមួយ លោក Huang គឺពិតជាបានកត់ត្រានូវការកើនឡើងតម្លៃភាគហ៊ុនរបស់ពួកគេយ៉ាងខ្លាំងពិតប្រាកដមែន។

កាលពីខែមិថុនា លោក Huang បានចូលហូបសាច់អាំងកូរ៉េនៅភោជនីយដ្ឋានមួយក្នុងទីក្រុងសេអ៊ូល ជាមួយប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won, ប្រធានក្រុមហ៊ុន LG Group លោក Koo Kwang-mo និងស្ថាបនិកក្រុមហ៊ុន Naver លោក Lee Hae-jin។ ក្រោយមកតម្លៃភាគហ៊ុនរបស់ LG Electronics បានហក់ឡើងប្រហែល ៣០% ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ LG ផ្សេងទៀតបានកើនឡើងចន្លោះ ១៧% ទៅ ២៩% ផងដែរ។

លើសពីនេះ នៅពេលដែលលោក Huang ចូលហូបមាន់បំពង និងស្រាបៀរជាមួយប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y. Lee និងនាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motor លោក Chung Euisun នៅកូរ៉េខាងត្បូង កាលពីខែតុលាឆ្នាំមុន ភាគហ៊ុនរបស់ក្រុមហ៊ុនកែច្នៃសាច់មាន់ Cherrybro, ក្រុមហ៊ុនមាន់បំពង Kyochon F&B និងក្រុមហ៊ុនផលិតរូបូតធ្វើមាន់បំពង Neuromeka សុទ្ធតែបានកើនឡើង ផងដែរ។

គួរជម្រាបជូនផងដែរថា ជុំវិញទម្លាប់នៃការទទួលទានអាហាររបស់មេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សរូបនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Dan Liu បានបង្កើតវេបសាយមួយដាក់ឈ្មោះថា “Jensen Eats” ដើម្បីតាមដានភោជនីយដ្ឋានដែលលោក Huang ទៅនៅជុំវិញពិភពលោក៕​