លោកអ្នកឧកញ៉ា ពុង ឃាវសែ ចូលរួមកិច្ចប្រជុំទូលាយប្រធានសមាគមនៃមហាសន្និបាតធុរជន ចិនទៀជីវពិភពលោក លើកទី១១

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំ​មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ និងលោកអ្នកឧកញ៉ា ភាព ហៀក អនុប្រធានសមាគម​សម្ព័ន្ធ​ខ្មែរ-ចិននៅកម្ពុជា កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំទូលាយប្រធាន​សមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញ​ចូលរួមពីឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូធុរជនចិនទៀជីវ វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ៤០០នាក់ មកពីបណ្តាប្រទេសនានា​ជុំវិញ​ពិភពលោក។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍​អន្តរជាតិដ៏មានសារៈសំខាន់ និងជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលមហាសន្និបាតនេះ​ត្រូវបានរៀបចំឡើងនៅ​ក្រៅប្រទេសចិន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពល​សេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពទាក់ទាញនៃវិស័យទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ ព្រមទាំង​ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ។

សូមជម្រាបជូនថា បើតាមស្ថិតិទេសចរណ៍ ឆ្នាំ២០២៥ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ ដែលក្នុងនោះមានភ្ញៀវទេសចរចិនជាង ១,២លាននាក់ កើនឡើងប្រមាណ ៤២ភាគរយ។ ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦នេះ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវ​ទេសចរ​អន្តរជាតិដែលធ្វើដំណើរមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់នៃទីផ្សារទេសចរ​ចិនសម្រាប់វិស័យ​ទេសចរណ៍កម្ពុជា៕