CDC ជំរុញឱ្យក្រុមហ៊ុនផលិតគ្រឿងសង្ហារិមដ៏ល្បីមួយរបស់កូរ៉េ មកពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញទៅគណៈគ្រប់គ្រងក្រុមហ៊ុនសង្ហារិមដ៏ធំមួយរបស់កូរ៉េខាងត្បូង ឱ្យមកពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាង ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ គណៈគ្រប់គ្រងក្រុមហ៊ុន Emons Furniture Co., Ltd. ដឹកនាំដោយ លោក Kyung-soo Kim ប្រធានក្រុមហ៊ុនសង្ហារិម កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកម្លាំងពលកម្មវ័យក្មេងមានសក្តានុពល, ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, ទីតាំងភូមិសាស្រ្តអំណោយផល ជាមួយយុទ្ធសាស្រ្តនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា ព្រមទាំងទីផ្សារនាំចេញដ៏ទូលំទូលាយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

បន្ទាប់ពីកិច្ចពិភាក្សាការងារ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ក៏បានអញ្ជើញ គណៈប្រតិភូកម្ពុជា ចូលទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលដ៏ទំនើបចុងក្រោយរបស់ក្រុមហ៊ុនផងដែរ។ ការចុះទស្សនកិច្ចស្វែងយល់ដល់ទីតាំងផ្ទាល់នាពេលនេះ គឺជាជំហានការទូតសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការបង្ហាញឱ្យវិនិយោគិនកូរ៉េឃើញពីភាពប្រាកដប្រជា និងការយកចិត្តទុកដាក់កម្រិតខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើបៗ។

សូមជម្រាបដែរថា៖ ក្រុមហ៊ុន Emons Furniture Co., Ltd. គឺជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងសង្ហារឹមដ៏ល្បីល្បាញ និងមានវ័យចំណាស់ឈានមុខគេមួយរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ដោយផ្តោតសំខាន់លើការរចនាគ្រឿងសង្ហារិមដែលមានគុណភាពខ្ពស់ បែបទំនើប និងមានផាសុកភាពសម្រាប់គេហដ្ឋាន។ Emons គឺជាក្រុមហ៊ុនដំបូងៗគេ ដែលបានបញ្ចូលបច្ចេកវិទ្យាទៅក្នុងគ្រឿងសង្ហារិម (ICT Furniture) ដូចជា គ្រែឆ្លាតវៃដែលអាចលៃតម្រូវកម្ពស់តាមដំណេក ឧបករណ៍វិភាគសុខភាពពេលគេង និងទូខោអាវដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព និងកម្ចាត់បាក់តេរី៕អត្ថបទ៖ហ្សាលីន