ឯកឧត្តម ស៊ុន ចាន់ថុល ស្នើមន្ទីរពេទ្យកូរ៉េ ផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗដល់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានស្នើមន្ទីរពេទ្យ Incheon Baek ដែលជាមន្ទីពេទ្យល្បីនិងធំមួយនៅកូរ៉េខាងត្បូង ឱ្យផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗដល់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើបែបនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រតិបត្តិការរបស់ មន្ទីរពេទ្យ Incheon Baek និងជួបជាមួយលោកវេជ្ជបណ្ឌិត Seungho Baek ប្រធានមន្ទីរពេទ្យ ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកពាក់ព័ន្ធ កាលទី១៦ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ គឺដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍនភាពបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល (Digital Healthcare) និងស្តង់ដារនៃការថែទាំសុខភាពកម្រិតខ្ពស់របស់សាធារណរដ្ឋកូរ៉េ ដែលជាប្រទេសឈានមុខគេមួយលើសកលលោក ក្នុងវិស័យសុខាភិបាល។

ឯកឧត្តមបន្តថា វិស័យសុខាភិបាល និងការបង្កើតមន្ទីរពេទ្យស្តង់ដារអន្តរជាតិ គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ លោកក៏បានស្នើទ្បើងដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេស ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ តាមរយៈកម្មវិធីបណ្តុះបណ្តាលក្នុងទម្រង់ណាមួយ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូពេទ្យជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជា។

សូមជម្រាបដែរថា Incheon Baek គឺជាមន្ទីរពេទ្យទូទៅមួយ ដែលគ្រប់គ្រង និងដំណើរការក្រោមមូលនិធិវេជ្ជសាស្ត្រ Seongsu ហើយត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានសុខាភិបាលបង្គោលមួយប្រចាំតំបន់ ដែលផ្តល់សេវាថែទាំវេជ្ជសាស្ត្រជូនដល់ប្រជាពលរដ្ឋនៅភាគខាងលិចនៃទីក្រុងអ៊ីនឆ័ន។ មន្ទីរពេទ្យនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ ក្រសួងសុខាភិបាលនិងសុខុមាលភាព​ នៃសាធារណរដ្ឋកូរ៉េ ទៅលើសុវត្ថិភាពអ្នកជំងឺ និងការលើកកម្ពស់គុណភាពនៃសេវាកម្មវេជ្ជសាស្ត្រ៕អត្ថបទ៖ហ្សាលីន