អ្នកឧកញ៉ា គួន ធីតា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ចុះទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យរបស់កូរ៉េ Incheon Baek

សមាគមឧកញ៉ាកម្ពុជា

អ៊ីនឆ័ន៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បន្ទាប់ពីទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group រួចរាល់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្ត​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យ Incheon Baek ដែលជាគ្រឹះស្ថានសុខាភិបាលដ៏ល្បីមួយនៅសាធារណរដ្ឋកូរ៉េ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍​ពីសំណាក់ លោកវេជ្ជបណ្ឌិត Seungho Baek ប្រធានមន្ទីរពេទ្យ ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះ អ្នកឧកញ៉ា គួន ធីតា ក៏បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីផងដែរ។

គោលបំណងចម្បងនៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ​អំពីវឌ្ឍនភាពបច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើបៗ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល (Digital Healthcare) និងស្តង់ដារនៃការថែទាំសុខភាពកម្រិត​ខ្ពស់​​របស់សាធារណរដ្ឋកូរ៉េ ដែលជាប្រទេសឈានមុខគេមួយលើសកលលោក ក្នុងវិស័យសុខាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យសុខាភិបាល និងការបង្កើតមន្ទីរពេទ្យស្តង់ដារអន្តរជាតិ គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមក៏បានស្នើទ្បើង​ដល់គណៈ​គ្រប់គ្រងមន្ទីរពេទ្យ ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេស ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជ​សាស្ត្រ​ទំនើបៗ តាមរយៈកម្មវិធីបណ្តុះបណ្តាលក្នុងទម្រង់ណាមួយ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូពេទ្យ​ជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជា។

ទស្សនកិច្ចនាឱកាសនេះ មិនត្រឹមតែបង្ហាញពីភាពប្រាកដប្រជា និងការយកចិត្តទុកដាក់កម្រិតខ្ពស់របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើប និងសេវាកម្មលំដាប់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ស្ពាន​ចម្លងដ៏សំខាន់ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសុខាភិបាលឈានមុខរបស់កូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ផលប្រយោជន៍រវាងគ្នា និងលើកម្ពស់សុខុមាលភាពរបស់​ប្រជាពលរដ្ឋ​កម្ពុជា ឱ្យកាន់តែប្រសើរឡើងជាលំដាប់។

សូមជម្រាបដែរថា Incheon Baek គឺជាមន្ទីរពេទ្យទូទៅមួយ ដែលគ្រប់គ្រង និងដំណើរការក្រោមមូលនិធិ​វេជ្ជសាស្ត្រ Seongsu ហើយត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានសុខាភិបាលបង្គោលមួយប្រចាំតំបន់ ដែលផ្តល់​សេវា​ថែទាំវេជ្ជសាស្ត្រជូនដល់ប្រជាពលរដ្ឋនៅភាគខាងលិចនៃទីក្រុងអ៊ីនឆ័ន។ មន្ទីរពេទ្យនេះ ត្រូវបានទទួលស្គាល់​ជាផ្លូវការដោយ ក្រសួងសុខាភិបាលនិងសុខុមាលភាព នៃសាធារណរដ្ឋកូរ៉េ ទៅលើសុវត្ថិភាពអ្នកជំងឺ និងការលើក​កម្ពស់គុណភាពនៃសេវាកម្មវេជ្ជសាស្ត្រ។