កម្ពុជា-កូរ៉េ រៀបចំវេទិកាផ្សព្វផ្សាយវិនិយោគប្រចាំឆ្នាំ២០២៦ ដើម្បីពង្រីកការវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-កូរ៉េ បានរួមគ្នារៀបចំវេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ ដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវសក្តានុពលវិនិយោគ សំដៅជំរុញការសម្រេចចិត្តពង្រីកការវិនិយោគមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ បានធ្វើឡើងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរៀបចំរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន មានការអញ្ជើញចូលរួមពីវិនិយោគិន និងតំណាងក្រុមហ៊ុនធំៗឈានមុខរបស់កូរ៉េខាងត្បូងយ៉ាងច្រើនកុះករ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវសក្តានុពលវិនិយោគដ៏សម្បូរបែប កាលានុវត្តធុរកិច្ច និងបរិយាកាសកែទម្រង់ប្រកបដោយភាពអនុគ្រោះខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េខាងត្បូង សំដៅជំរុញការសម្រេចចិត្តពង្រីកការវិនិយោគមកកាន់កម្ពុជា។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្តេជ្ញាចិត្ត និងការត្រៀមខ្លួនរួចជាស្រេចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមន៍ និងផ្តល់នូវកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងប្រកបដោយភាពកក់ក្តៅជូនដល់វិនិយោគិនកូរ៉េ។ លោកបានសង្កត់ធ្ងន់ថា ក្រោមឆ័ត្រនៃ «ច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា» វិនិយោគិននឹងទទួលបាននូវកញ្ចប់លើកទឹកចិត្តជាច្រើន អត្ថប្រយោជន៍ផ្នែកសារពើពន្ធដ៏ទាក់ទាញ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងយន្តការគាំពារវិនិយោគប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

សូមជម្រាបដែរថា «វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦» បានបញ្ចប់ទៅជាមួយលទ្ធផលជាផ្លែផ្កា និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានធុរកិច្ចកូរ៉េ ដែលនេះជាសក្ខីភាពសហប្រតិបត្តិការដ៏រឹងមាំរវាង ក.អ.ក. និង ICCI ក្នុងការរុញច្រានទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត ព្រមទាំងបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់រលកនៃការវិនិយោគថ្មីៗពីសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ៕អត្ថបទ៖ហ្សាលីន