ក្រសួងមហាផ្ទៃ ទទួលបានជំនួយពីមេគង្គ-ឡានឆាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡាងឆាង សម្រាប់ការពង្រឹងវិស័យសន្តិសុខភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦​ក្រសួងមហាផ្ទៃបានសម្រេចជោគជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញដើម្បីលើកកម្ពស់សន្តិសុខនិងសុវត្ថិភាពសង្គមនៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈគម្រោងខាងលើនេះ សាលារាជធានីភ្នំពេញនឹងទទួលបានការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសន្តិសុខដ៏ទំនើបរួមមាន៖ កាមេរ៉ាសុវត្ថិភាព (CCTV) ចំនួន ៤៨៧ គ្រឿង ដែលមានបំពាក់ប្រព័ន្ធសម្គាល់ទម្រង់មុខ (Face Recognition) សម្គាល់ស្លាកលេខយានយន្ត (Vehicle Plate Number Recognition) និងមជ្ឈមណ្ឌលបញ្ជាការ (Command Center) ដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងនិងឆ្លើយតបចំពោះស្ថានភាពអាសន្ននានាបានទាន់ពេលវេលា (Real-time)។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធ «នគរបាលវៃឆ្លាត» នេះ គឺជាការអនុវត្តជាក់ស្តែងនៃគោលនយោបាយសន្តិសុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍។

ជាមួយគ្នានោះ ឯកឧត្តម យូ ស៊ាវវិន (You Xiaowen) អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង សន្យាថានឹងបន្តពង្រីកវិសាលភាពនៃគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពវៃឆ្លាត និងជួយបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជាលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកក្នុងការពង្រឹងវិស័យសន្តិសុខនៅកម្ពុជា។

ក្រសួងមហាផ្ទៃបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគម្រោងនេះឱ្យបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ដើម្បីបុព្វហេតុសន្តិសុខជាតិ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលកម្ពុជា ឱ្យមានភាពឈ្លាសវៃ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕