គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធ្វើការជំរុញទៅកាន់ក្រុមហ៊ុនទំនើបរបស់កូរ៉េមួយ ឱ្យមកពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគកែច្នៃម្ហូបអាហារ និងបសុសត្វនៅកម្ពុជា។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីប្រតិបត្តិការក្រុមហ៊ុន Hangang Food ជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខ និងជាប្រតិបត្តិកររោងចក្រផ្គត់ផ្គង់សាចបសុបក្សីទំនើបបំផុតរបស់សម្ព័ន្ធ Harim Group នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសកូរ៉េ។
ទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា បានចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Hangang Food ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធឈានមុខ និងជាប្រតិបត្តិកររោងចក្រផ្គត់ផ្គង់សាច់បសុបក្សីដ៏ទំនើបបំផុតរបស់ សម្ព័ន្ធ Harim Group។

សកម្មភាពទស្សនកិច្ច បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការស្វែងយល់ស៊ីជម្រៅអំពីប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Hangang Food ដែលជាអ្នកគ្រប់គ្រងរោងចក្រផ្គត់ផ្គង់សាច់បសុបក្សីដ៏ទំនើប ចុងក្រោយបង្អស់។ រោងចក្រនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើការអនុវត្តស្តង់ដារបរិស្ថានមេត្រី(Environmental Friendly) និងការប្រើប្រាស់ប្រព័ន្ធភស្តុភារកម្មខ្សែច្រវាក់ត្រជាក់ស្វ័យប្រវត្តិ (Automated Cold-Chain Logistics) ដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាគុណភាព សុវត្ថិភាព និងភាពស្រស់ជានិច្ចនៃផលិតផល។
តាមរយៈទស្សនកិច្ចសិក្សានេះដែរ ប្រតិភូកម្ពុជា បានចាត់ទុកថា គឺជាឱកាសដ៏វិសេសវិសាលសម្រាប់គណៈប្រតិភូកម្ពុជា ទាំងផ្នែករដ្ឋ និងឯកជន ក្នុងការស្រូបយកនូវចំណេះដឹង បទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាកសិ-ឧស្សាហកម្មជឿនលឿន របស់សាធារណរដ្ឋកូរ៉េ និងជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពទៅបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដារខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាការកែច្នៃម្ហូបអាហារ និងបសុសត្វនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត។
សូមជម្រាបថា ក្រុមហ៊ុន Harim Co., Ltd. គឺជាក្រុមហ៊ុនលំដាប់កំពូលមួយរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងវិស័យឧស្សាហកម្មកសិ-ចំណីអាហារ និងការចិញ្ចឹមបសុសត្វ។ ក្រុមហ៊ុនសម្រេចបាននូវភាពជោគជ័យយ៉ាងខ្លាំងក្លា តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធផលិតកម្មចំណីអាហារបែបសមាហរណកម្មកម្រិតខ្ពស់ ក្រោមទស្សនាទាន «ពីកសិដ្ឋានរហូតដល់តុអាហារ» (Farm-to-Table) ដែលធានាបាននូវការគ្រប់គ្រងខ្សែច្រវាក់តម្លៃ (Value Chain) ទាំងស្រុង ចាប់តាំងពីដំណាក់កាលបង្កាត់ពូជ ការចិញ្ចឹម ការកែច្នៃ រហូតដល់ការចែកចាយលើទីផ្សារ៕អត្ថបទ៖ហ្សាលីន



