រដ្ឋាភិបាលឥណ្ឌា កាលពីពេលថ្មីៗនេះ បានសម្រេចបិទ Telegram ជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញថាមានជនខិលខូចបានយកកម្មវិធីនេះ ទៅចែកចាយវិញ្ញាសារប្រឡងថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទីភ្នាក់ងារធ្វើតេស្តថ្នាក់ជាតិរបស់ក្រសួងអប់រំ បានបង្ហាញឲ្យដឹងថា ជុំវិញការបិទជាបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការប្រើប្រាស់វេទិកា Telegram ដើម្បីចែកចាយវិញ្ញាសារដល់បេក្ខជនដែលត្រៀមខ្លួនសម្រាប់ការប្រឡងវេជ្ជសាស្រ្តថ្នាក់ជាតិ។
យ៉ាងណាមិញ កាលពីខែមុន រដ្ឋាភិបាលឥណ្ឌា ក៏បានលុបចោលការប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រ NEET សម្រាប់មហាវិទ្យាល័យវេជ្ជសាស្ត្រផងដែរ បន្ទាប់ពីអាជ្ញាធរបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការចោទប្រកាន់ថាសំណួររបស់ខ្លួនត្រូវបានលេចធ្លាយ មុនពេលមានការប្រឡង។
គួរឲ្យដឹងផងដែរថា ជុំវិញបញ្ហានេះ បង្កឱ្យមានបាតុកម្មតវ៉ាយ៉ាងខ្លាំងក្លាពីនិស្សិតនៅទូទាំងប្រទេស រួមទាំងមានបាតុកម្មពីគណបក្សប្រឆាំង Cockroach Janta Party ដ៏ល្បីល្បាញផងដែរ ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan ចុះចេញពីតំណែង។
ជម្រាបជូនថា រដ្ឋាភិបាលឥណ្ឌា សម្រេចកំណត់ថ្ងៃប្រឡងជាថ្មីដែលនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែមិថុនា ខណៈ Telegram នឹងត្រូវបើកឱ្យដំណើរការជាធម្មតាវិញ នៅថ្ងៃទី២២ ខែមិថុនា៕

