រុស្ស៊ី ចាប់ផ្តើមសិក្សាបឋមលើគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅប្រទេសឡាវ

អន្តរជាតិ

ឡាវ និងរុស្ស៊ីបានព្រមព្រៀងគ្នា ចាប់ផ្តើមការសិក្សាបឋមដើម្បីបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ នៅក្នុងប្រទេសឡាវ ដោយដំណាក់កាលដំបូងមានគោលបំណងកំណត់ទីតាំងសក្តានុពលសម្រាប់ការអភិវឌ្ឍ និងវាយតម្លៃពីរបៀបដែលរោងចក្រនាពេលអនាគតរួមបញ្ចូលទៅក្នុងប្រព័ន្ធថាមពលរបស់ប្រទេសឡាវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចចិត្តនេះបានកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅទីក្រុងមូស្គូ ជាកន្លែងដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។

កិច្ចព្រមព្រៀងនេះ បង្កើតបានជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដើម្បីគាំទ្រគម្រោងរួមគ្នាក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យបច្ចេកវិទ្យាខ្ពស់រវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Mishustin បានពិពណ៌នាអំពីប្រទេសឡាវថាជាដៃគូសំខាន់មួយរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ និងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយកត់សម្គាល់ថាបរិមាណពាណិជ្ជកម្មបច្ចុប្បន្នមិនទាន់ឆ្លុះបញ្ចាំងពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនៅឡើយទេ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បាននិយាយថា ប្រទេសរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចែករំលែកជំនាញក្នុងសេដ្ឋកិច្ចឌីជីថល ប្រព័ន្ធអេឡិចត្រូនិចស្វយ័ត និងបញ្ញាសិប្បនិម្មិត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕​