សម្តេចតេជោ៖ បច្ចុប្បន្ន កម្ពុជា-ឥណ្ឌូណេស៊ី កំពុងតែពូនជ្រុំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ក្នុងប្រវត្តិសាស្រ្ត ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី គឺមានភាពល្អនិងរឹងមាំជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងតែពូនជ្រុំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអនុញ្ញាតឱ្យ ឯកឧត្តម ហេណុក ពូរ៉ារ៉ូ (Henock Puraro) សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន អំពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលជាទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន។

បន្ថែមពីនោះសម្ដេចតេជោ ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងនៅក្នុងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលសម្ដេចបានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងនេះកាន់តែមានភាពបើកជំហរ និងអាចពង្រីកនូវពាណិជ្ជកម្មកាន់តែមានភាពកើនឡើងបន្ថែមទៀត។ សម្ដេចបានសម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។

បន្ថែមពីលើសពីនេះទាក់ទងទៅនឹងជើងហោះហើរប្រទេសទាំងពីបានភ្ជាប់ជើងហោះហើរជាមួយគ្នាទៀតផង។ សម្ដេចតេជោក៏បានឱ្យប្រទេសទាំងពីរជំរុញនូវជើងហោះហើរជាមួយគ្នា ឱ្យមានការកើនឡើងកាន់តែច្រើនដើម្បីធ្វើយ៉ាងណាជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរកាន់តែមានភាពមមាញឹកជាងមុន។

នៅក្នុងឱកាសនោះ ឯកឧត្តម ពូរ៉ារ៉ូ បានកោតសរសើរចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ីដែលមានភាពរឹងមាំ។ ក្នុងរយៈពេល ៧៥ឆ្នាំ កន្លងមកនេះ ឯកឧត្តមបានហៅទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី ថាជាបងប្អូននឹងគ្នា ហើយឯកឧត្តមបានបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលច្រើនក្នុងការពង្រឹងទំនាក់ទំនងជាមួយគ្នាជាពិសេសតាមរយៈទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ ក៏ជាផ្នែកមួយនៃជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្មវិនិយោគ និងការអប់រំ រវាងកម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែល្អប្រសើរផងដែរ៕