រដ្ឋមន្រ្តីក្រសួងរ៉ែ ស្វាគមន៍និងលើកទឹកចិត្តដល់វិនិយោគិនកូវ៉ែត ឲ្យវិនិយោគវិស័យប្រេង និងឧស្ម័ន នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោកMohamad S.ALHAJRI ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងរ៉ែ បានស្វាគមន៍ ដល់វិនិយោគិនកូវ៉ែត ក្នុងការមកវិនិយោគលើវិស័យប្រេង និងឧស្ម័ន នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ស៊ុយ សែម បានលើកឡើងថា ការធ្វើការស្វាគមន៍ដល់វិនិយោគិនកូវ៉ែត ក្នុងការមកវិនិយោគលើវិស័យប្រេង និងឧស្ម័ននៅកម្ពុជានេះ ព្រោះដោយបច្ចុប្បន្ន កម្ពុជាមាន ប្លុកOffshore ចំនួន៤ និងប្លុក onshore ចំនួន១៨ទៀត ដែលស្វាគន៍ការវិនិយោគ។
លើសពីនោះ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យថាមពល និងធនធានរ៉ែផងដែរ ព្រោះបច្ចុប្បន្នយើងអាចធ្វើការងារបានគ្រប់ទីកន្លែង មិនថាក្នុងព្រៃជ្រៅ ឬតំបន់ដាច់ស្រយាល ដោយសារពេលនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ។

ជាការឆ្លើយតប លោក Mohamad S. ALHAJRI ក៏បានសម្តែងនូវការកោតសរសើរដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងមានបំណងចង់ផ្តល់អាហាររូបករណ៍ក្នុងវិស័យប្រេង និងឧស្ម័នដល់និស្សិត កម្ពុជា ព្រមទាំងបើកឱកាសការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ដើម្បីឱ្យទទួលបានបទពិសោធន៍ការងារពីជំនាញនេះនៅប្រទេសកូវ៉ែតផងដែរ។

ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានជជែកពិភាក្សាអំពីសក្តានុពលនិងឱកាស ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការផងដែរ៕