ប្រធានគណៈប្រតិភូចរចារបស់អ៊ីរ៉ង់បានបញ្ជាក់ថាប្រទេសរបស់ខ្លួន នឹងគិតថ្លៃសេវាសម្រាប់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយការបើកឲ្យឆ្លងកាត់ដោយឥតគិតថ្លៃរយៈពេល ៦០ថ្ងៃដែលមានចែងក្នុងអនុស្សរណៈជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ដោយថ្លែងនៅក្នុងបទសម្ភាសតាមទូរទស្សន៍ជាតិនៅថ្ងៃទី១៧ ខែមិថុនា ប្រធានសភា និងជាប្រធានគណៈប្រតិភូចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានអះអាងថា ច្រកសមុទ្រ Hormuz នឹងមិនវិលត្រឡប់ទៅសភាពដើមវិញ មុនពេលជម្លោះផ្ទុះឡើងនោះឡើយ។
លោក Ghalibaf បានមានប្រសាសន៍ទៀតថា អ៊ីរ៉ង់មានសិទ្ធិអធិបតេយ្យភាពពេញលេញលើច្រកសមុទ្រ Hormuz ហើយច្បាស់ណាស់ថាអ៊ីរ៉ង់ នឹងប្រមូលថ្លៃសេវាលើការឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ។
យោងតាមអនុស្សរណៈរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់នឹងអនុញ្ញាតឱ្យកប៉ាល់ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាព និងឥតគិតថ្លៃរយៈពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះ អ៊ីរ៉ង់នឹង ចូលរួមចរចាជាមួយអូម៉ង់ ដើម្បីកំណត់ការគ្រប់គ្រង និងយកថ្លៃសេវាកម្មផ្លូវសមុទ្រនេះនាពេលអនាគត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀតថា ច្រកសមុទ្រ Hormuz ត្រូវតែបើកចំហសម្រាប់ការឆ្លងកាត់ដោយសេរីសម្រាប់កប៉ាល់បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់។
នៅក្នុងនោះអនុស្សរណៈនោះបានចែងថា ការពិភាក្សាអំពីរបៀបគ្រប់គ្រងច្រកសមុទ្រ Hormuz ត្រូវតែស្របតាមច្បាប់អន្តរជាតិដែលអាចអនុវត្តបាន និងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋឆ្នេរសមុទ្រនៃច្រកសមុទ្រ។
គួរជម្រាបជូនថា មុនពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ កប៉ាល់អាចធ្វើដំណើរដោយសេរីតាមច្រកសមុទ្រ Hormuz ដោយមិនគិតថ្លៃ ឬមិនតម្រូវឲ្យមានលក្ខខណ្ឌណាមួយឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ បានព្យាយាមដាក់ការគ្រប់គ្រងលើច្រកសមុទ្រនេះភ្លាមៗ បន្ទាប់ពីជម្លោះបានផ្ទុះឡើង៕

