អ៊ីរ៉ង់ ប្រកាសថានឹងយកថ្លៃសេវាសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ

ប្រធានគណៈប្រតិភូចរចារបស់អ៊ីរ៉ង់បានបញ្ជាក់ថាប្រទេសរបស់ខ្លួន នឹងគិតថ្លៃសេវាសម្រាប់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយការបើកឲ្យឆ្លងកាត់ដោយឥតគិតថ្លៃរយៈពេល ៦០ថ្ងៃដែលមានចែងក្នុងអនុស្សរណៈជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងបទសម្ភាសតាមទូរទស្សន៍ជាតិនៅថ្ងៃទី១៧ ខែមិថុនា ប្រធានសភា និងជាប្រធានគណៈប្រតិភូចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានអះអាងថា ច្រកសមុទ្រ Hormuz នឹងមិនវិលត្រឡប់ទៅសភាពដើមវិញ មុនពេលជម្លោះផ្ទុះឡើងនោះឡើយ។

លោក Ghalibaf បានមានប្រសាសន៍ទៀតថា អ៊ីរ៉ង់មានសិទ្ធិអធិបតេយ្យភាពពេញលេញលើច្រកសមុទ្រ Hormuz ហើយច្បាស់ណាស់ថាអ៊ីរ៉ង់ នឹងប្រមូលថ្លៃសេវាលើការឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ។

យោងតាមអនុស្សរណៈរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់នឹងអនុញ្ញាតឱ្យកប៉ាល់ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រនេះដោយសុវត្ថិភាព និងឥតគិតថ្លៃរយៈពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះ អ៊ីរ៉ង់នឹង ចូលរួមចរចាជាមួយអូម៉ង់ ដើម្បីកំណត់ការគ្រប់គ្រង និងយកថ្លៃសេវាកម្មផ្លូវសមុទ្រនេះនាពេលអនាគត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀតថា ច្រកសមុទ្រ Hormuz ត្រូវតែបើកចំហសម្រាប់ការឆ្លងកាត់ដោយសេរីសម្រាប់កប៉ាល់បន្ទាប់ពីការប្រយុទ្ធគ្នាបានបញ្ចប់។

នៅក្នុងនោះអនុស្សរណៈនោះបានចែងថា ការពិភាក្សាអំពីរបៀបគ្រប់គ្រងច្រកសមុទ្រ Hormuz ត្រូវតែស្របតាមច្បាប់អន្តរជាតិដែលអាចអនុវត្តបាន និងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋឆ្នេរសមុទ្រនៃច្រកសមុទ្រ។

គួរជម្រាបជូនថា មុនពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ កប៉ាល់អាចធ្វើដំណើរដោយសេរីតាមច្រកសមុទ្រ Hormuz ដោយមិនគិតថ្លៃ ឬមិនតម្រូវឲ្យមានលក្ខខណ្ឌណាមួយឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ បានព្យាយាមដាក់ការគ្រប់គ្រងលើច្រកសមុទ្រនេះភ្លាមៗ បន្ទាប់ពីជម្លោះបានផ្ទុះឡើង៕​