ប្រធានាធិបតីរុស្ស៊ីថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង

សង្គម​ និង​សេដ្ឋកិច្ច

លោក Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី បានលើកឡើងថា រុស្ស៊ីថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង ខណៈកម្ពុជា-រុស្ស៊ី ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។ ខណៈឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-កម្ពុជា ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងការស្វាគមន៍សកម្មភាពរួមនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះផងដែរ។ ព្រមជាមួយគ្នានេះ លោកប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែផ្តល់អាទិភាពខ្ពស់លើការបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការរុស្ស៊ី-កម្ពុជា។

ជាការឆ្លើយតប, សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ កម្ពុជាតែងផ្ដល់តម្លៃខ្ពស់ដល់មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយរុស្ស៊ី ដោយផ្អែកលើការជឿទុកចិត្តខាងនយោបាយ, ការគាំទ្រនិងគោរពគ្នាទៅវិញទៅមក, និង ផលប្រយោជន៍រួម។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់អតីតសហភាពសូវៀត ដែលបានផ្ដល់ជំនួយនិងការគាំទ្រ នានាដល់ប្រទេសកម្ពុជា ក្នុងគ្រាលំបាករបស់កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។

សូមជម្រាបថា សម្ដេចធិបតី និងប្រធានាធិបតីរុស្ស៊ី ក៏បានពិភាក្សាអំពីទិសដៅ និងគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ, ពាណិជ្ជកម្ម និងការវិនិយោគ, ថាមពល, កសិកម្ម, សន្តិសុខ និងការពារជាតិ, ព្រមទាំងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេស ក្នុងក្របខ័ណ្ឌការអប់រំ និងបណ្តុះបណ្តាល, សុខាភិបាល, ទេសចរណ៍, និង វប្បធម៌។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ទាំងក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងគណបក្សផងដែរ៕
អត្ថបទ៖ហ្សាលីន