ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតនៅបរិវេណសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

កម្មវិធីនេះបាននាំយកឱកាសការងារចំនួន ៨ ២០០កន្លែង ព្រមទាំងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស. កម្មវិធី TVET និងឯកសារតម្រង់ទិស ជូនដល់ប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ យុវជន និងសិស្សទើបប្រឡងបាក់ឌុបប្រមាណជាង ៤០០នាក់។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» លោក ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ឱកាសការងារទាំងនេះស្ថិតក្នុងចំណោមការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលអនុញ្ញាតឱ្យបងប្អូនអាចចុះឈ្មោះ និងសម្ភាសទទួលបានការងារភ្លាមៗ។

លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការងារក្នុងស្រុក ដែលមិនត្រឹមតែជួយសេដ្ឋកិច្ចជាតិ និងផ្តល់សុភមង្គលក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំពារពី ប.ស.ស. ផ្ទុយពីការងារចំណាកស្រុកដែលប្រឈមនឹងហានិភ័យច្រើន។
ទន្ទឹមនឹងនេះ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន សម្រាប់អ្នកដែលមានជំនាញផ្នែកសំណង់ស្រាប់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ។ លើសពីនេះ ប្រជាពលរដ្ឋ និងសិស្សទើបប្រឡងបាក់ឌុបរួច អាចចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ តាមរយៈកម្មវិធី TVET ១,៥លាន ដែលមានរាប់បញ្ចូលទាំងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
ជាចុងក្រោយ លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយផ្សព្វផ្សាយបន្ត និងស្កែន QR កូដរបស់ក្រសួងដើម្បីទទួលបានព័ត៌មានបន្ថែម ឬអាចទាក់ទងមកកាន់លេខ Hotline ១២៩៧ សម្រាប់ព័ត៌មានការងារ និងការរៀនជំនាញ និងលេខ ១២៨៦ សម្រាប់ព័ត៌មានផ្នែក ប.ស.ស.៕





