ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួន កាលពីថ្ងៃពុធថា ទីផ្សារប្រេងរបស់ពិភពលោក នឹងកើនឡើងច្រើនហូរហៀរនៅឆ្នាំ២០២៧ បន្ទាប់ពីច្រកសមុទ្រ Hormuz បើកឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិកបានប្រកាសពីកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ដែលរួមមានការបើកច្រកសមុទ្រឡើងវិញរបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកលុបចោលការបិទផ្លូវទឹករបស់ខ្លួនលើអ៊ីរ៉ង់ ដែលអាចនាំមកនូវការបញ្ចប់នៃការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។
យោងតាម IEA បានរាយការណ៍ផងដែរថា សង្គ្រាមនៅមជ្ឈិមបូព៌ា ក្នុងពេលកន្លងមនេះ ត្រូវបានប៉ាន់ប្រមាណថាបានរារាំងទិន្នផលប្រេងសរុបជាង ១៤ លានបារ៉ែលក្នុងមួយថ្ងៃ (bpd)។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីជម្លោះនេះ ត្រូវបានដោះស្រាយ IEA បានបង្ហាញថា នៅឆ្នាំ២០២៧ ទីផ្សារប្រេងសកលនឹងមានការផ្គត់ផ្គង់ច្រើនលើស នៅឆ្នាំក្រោយ ដោយសារការផ្គត់ផ្គង់ត្រូវបានកំណត់ថានឹងកើនឡើងដល់ ៨ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលតម្រូវការកើនឡើង ២ លានបារ៉ែលក្នុងមួយថ្ងៃ។
IEA បាននិយាយទៀតថា លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz បានកើនឡើងរួចហើយនៅដើមខែមិថុនា ដោយសារតែការកើនឡើងនៃការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយនៅឈូងសមុទ្រអូម៉ង់ ដែលជួយជំរុញលំហូរសរុបនៅមជ្ឈិមបូព៌ាដល់ប្រហែល ១២ លានបារ៉ែលក្នុងមួយថ្ងៃ ពីកម្រិតទាបបំផុតនៅខែឧសភា ដែលមានចំនួនត្រឹមតែ ៩,៦ លានបារ៉ែលក្នុងមួយថ្ងៃ។
ប៉ុន្តែក្នុងនោះដែរ ការរឹតបន្តឹងនយោបាយ និងប្រតិបត្តិការ រួមទាំងការដោះមីនក្នុងសមុទ្រដែលប្រើរយៈពេលយូរ និងការរៀបចំការដឹកជញ្ជូនដែលមិនទាន់ដោះស្រាយ បានបន្សល់ទុកហានិភ័យអវិជ្ជមានដល់ទស្សនវិស័យនៃការងើបឡើងវិញចំពោះផលិតកម្ម និងការនាំចេញប្រេង នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់ IEA៕

