ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់ លោក តាំង គង់ស្រេង

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់ លោក តាំង គង់ស្រេង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំ​ទូល​ថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះបើតាមព្រះរាជ​ក្រឹត្យ​​ដែល ឧកញ៉ា ញូស៍ ទទួលបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក តាំង គង់ស្រេង ត្រូវបានគេស្គាល់ថា ជាម្ចាស់រមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីឡេច” (Justin Village) ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រាល ស្រុកត្រាំកក់ ខេត្តតាកែវ ជិតជើងភ្នំដំរីរមៀល។ រមណីយដ្ឋាន ចាស្តស្ទីន វីឡេច របស់ លោក តាំង គង់ស្រេង បានចូលរួមចំណែកយ៉ាងធំក្នុងការផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយ​ប្រយោល ដល់ប្រជាពលរដ្ឋក្នុងស្រុក និងជួយលើកស្ទួយទេសចរណ៍ទាំងក្នុង និងក្រៅស្រុក។

សូមជម្រាបថា លោក តាំង គង់ស្រេង ក៏មានតួនាទីជា ទីប្រឹក្សាព្រឹទ្ធសភា។ កន្លងមក លោកតែងតែបរិច្ចាគ​ទឹកប្រាក់​ជូនមន្ទីរពេទ្យគន្ធបុប្ផាជាច្រើនលើក កុមារកំព្រា ប្រជាជនក្រីក្រ មនុស្សចាស់ជរា និងសកម្មភាព​សប្បុរសធម៌​​ផ្សេង​ទៀត រួមជាមួយការបរិច្ចាគថវិកា​គាំទ្រ​យុទ្ធនាការផ្សេងៗរបស់រាជរដ្ឋាភិបាលផងដែរ៕