អ្នកឧកញ៉ា ឧកញ៉ាច្រើនរូបជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ជុំវិញ​ឧកញ៉ា

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ “ឆ” និងឧកញ៉ា គួច ផេង សហប្រធានក្រុមការងារ “ឆ” ជាតំណាងរបស់វិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម “ក្រុម ឆ” ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការដាក់ចេញវិធានការមុតស្រួច និងជាក់ស្តែងសំដៅបន្តជំរុញគាំទ្រលើកទឹកចិត្តចំពោះវិស័យឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ឧកញ៉ា ម្ចាស់អាជីវកម្មមកពីសភាពាណិជ្ជកម្មកម្ពុជា និងពីភាគីរាជរដ្ឋាភិបាលជាច្រើនរូប ដូចជា ឧកញ៉ា គួច ផេង សហប្រធានក្រុមការងារ “ឆ”, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៤ផ្នែកឯកជន ព្រមទាំងអនុសហប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារ ឆ និងប្រធានឬតំណាងសមាគមពាក់ព័ន្ធពីផ្នែកឯកជន រួមមាន៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា, ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, លោកស្រីឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់នៃសភាពាណិជ្ជកម្មកម្ពុជា, លោកស្រី ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ជាដើម។

គោបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ គឺដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការដាក់ចេញវិធានការមុតស្រួច និងជាក់ស្តែងសំដៅបន្តជំរុញគាំទ្រលើកទឹកចិត្តចំពោះវិស័យឯកជន។ នៅក្នុងកិច្ចប្រជុំនេះ លោកស្រីរដ្ឋមន្ត្រី ប្រធានក្រុមការងារ “ឆ” និងឧកញ៉ា សហប្រធានក្រុមការងារ “ឆ” បានដឹកនាំកិច្ចពិភាក្សាដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ។

បន្ថែមលើនេះ លោកស្រី ចម និម្មល បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាតំណាងមកពីរាជរដ្ឋាភិបាល ធ្វើការបំភ្លឺចំពោះបញ្ហាប្រឈម កង្វល់ ក៏ដូចជាសំណូមពរដែលវិស័យឯកជនលើកឡើង និងរៀបចំដាក់ចេញនូវវិធានការ យន្តការសមស្របសម្រាប់ដោះស្រាយតាមសមត្ថកិច្ច និងភារកិច្ចរៀងៗខ្លួន សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចដែលមានការប្រកួតប្រជែងស្មើភាពគ្នា តម្លាភាព ព្រមទាំងរក្សាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ដែលមានជាធរមាន។

សូមជម្រាបជូនថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ គ្រោងនឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗពីវិស័យឯកជន។

នៅក្នុងដឹកនាំកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្រ្តីថ្មី អាណត្តិទី៧ កាលថ្ងៃទី២៤ ខែសីហាកន្លងទៅ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  បានបញ្ជាក់ថា សម្តេចនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ខាងមុខនេះ ដើម្បីស្តាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងមួយចំនួន ដើម្បីបន្តជំរុញគាំទ្រវិស័យឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាពខ្ពស់បំផុត ជាមួយនឹងការសម្រេចបាននូវសុខសន្តិភាពដ៏ពេញលេញ និងរឹងមាំ ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ហើយនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ មិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់។

សូមបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមាននាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី៕