សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាបង្កើនបណ្តាញទំនាក់ទំនងមួយ ដើម្បីធានាការបើកច្រកសមុទ្រ Hormuz

អន្តរជាតិ

ការចរចាជុំទីមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅប្រទេសស្វីស នៅថ្ងៃទី២២ ខែមិថុនានេះ បានបញ្ចប់ទៅដោយភាគីទាំងពីរយល់ព្រមធានាការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសសម្របសម្រួលទាំងពីរគឺកាតា និងប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ៖”គណៈកម្មាធិការជាន់ខ្ពស់បានព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល ៦០ថ្ងៃ ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្តើមការចរចាបច្ចេកទេសបន្ថែមទៀតជាបន្ទាន់”។

គួរឲ្យដឹងផងដែរថា នៅមុននេះ គណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance និងគណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយប្រធានសភា លោក Mohammad Bagher Ghalibaf បានធ្វើកិច្ចចរចានៅរីស៊ត Burgenstock ក្នុងប្រទេសស្វីស ដោយមានការចូលរួមពីប្រទេសសម្របសម្រួលពីរដែលមានកាតា និងប៉ាគីស្ថាន។

សេចក្តីថ្លែងការណ៍រួមបាននិយាយថា ៖”ខ្សែបណ្តាញទំនាក់ទំនងមួយត្រូវបានបង្កើតឡើងរវាងភាគីទាំងពីរដើម្បីចៀសវាងឧប្បត្តិហេតុ និងការយល់ច្រឡំណាមួយ ដោយមានគោលបំណងធានាដល់ការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz”។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏បានព្រមព្រៀងគ្នាបង្កើតក្រុមសម្របសម្រួលមួយ ដើម្បីកាត់បន្ថយភាពតានតឹងរវាងភាគីនានា និងបញ្ហានៅលីបង់ ដោយមានការគាំទ្រពីអ្នកសម្របសម្រួល ដើម្បីធានាបាននូវការអនុលោមតាមកិច្ចព្រមព្រៀងបញ្ចប់ប្រតិបត្តិការយោធានៅក្នុងប្រទេសលីបង់ ផងដែរ។

គួរជម្រាបជូនផងដែរថា ខណៈពេលដែលភាគីទាំងកំពុងតែបន្តចរចាជាមួយគ្នា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការគំរាមកំហែងថ្មីមួយដល់អ៊ីរ៉ង់ ដោយព្រមានថា លោកនឹងបន្តទម្លាក់គ្រាប់បែកលើប្រទេសនេះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចទេនោះ៕​