ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថាបាននាំចូលត្រីសាលម៉ុន ចន្លោះពី ៨០-៩០% បើទោះបីជាប្រទេសនេះល្បីល្បាញជាមហាអំណាចអាហារសមុទ្រឆៅរបស់ពិភពលោក៏ដោយ។

យ៉ាងណាមិញ ជុំវិញមូលហេតុចម្បងដែលជប៉ុននាំចូលត្រីសាលម៉ុនក្នុងចំនួនដ៏ច្រើនបែបនេះ គឺដោយសារតែតម្រូវការខ្ពស់ក្នុងការបរិភោគឆៅ (ស៊ូស៊ី និងសាស៊ីមី)។ ប្រជាជនជប៉ុន ចូលចិត្តញ៉ាំស៊ូស៊ី និងសាស៊ីមីត្រីសាលម៉ុនខ្លាំងណាស់។ ទោះបីជាជប៉ុនមានត្រីសាលម៉ុនក្នុងស្រុក (ហៅថា Chum Salmon ឬ Shake) ក៏ដោយ ប៉ុន្តែត្រីសាលម៉ុនធម្មជាតិទាំងនោះច្រើនតែមានព្រូន (Parasites) ដែលមិនអាចយកមកញ៉ាំឆៅភ្លាមៗបានទេ (ត្រូវយកទៅចម្អិនឱ្យឆ្អិន ឬដុតសិន)។
ទន្ទឹមនឹងនេះ ផលិតកម្មក្នុងស្រុកមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះទេ។បើទោះបីជាជប៉ុនអាចនេសាទ និងចិញ្ចឹមត្រីសាលម៉ុនបានខ្លះនៅតំបន់ភាគខាងជើង (ដូចជាកោះហុកកៃដូ) ក៏ដោយ ក៏បរិមាណដែលផលិតបាននៅតែមានកម្រិត និងមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារដ៏ធំទូលាយទូទាំងប្រទេសបានឡើយ។ ហើយចំណុចសំខាន់មួយទៀត គឺការប្រែប្រួលអាកាសធាតុ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឡើងកម្តៅនៃទឹកសមុទ្របានធ្វើឱ្យបរិមាណត្រីសាលម៉ុនធម្មជាតិនៅក្នុងដែនទឹកជប៉ុនធ្លាក់ចុះយ៉ាងខ្លាំង។ កត្តានេះបង្ខំឱ្យជប៉ុនត្រូវពឹងផ្អែកបន្ថែមលើការនាំចូលពីបរទេសដើម្បីរក្សាស្ថិរភាពទីផ្សារ។
គួរជម្រាបជូនផងដែរថា ជារៀងរាល់ឆ្នាំ ប្រទេសជប៉ុននាំចូលត្រីសាលម៉ុន និងត្រីត្រោត (Trout) ក្នុងបរិមាណសរុបប្រមាណ ២០០ ០០០ ទៅ ២៥០ ០០០ តោន ពីទូទាំងពិភពលោក។ ក្នុងនោះ ការនាំចូលពីប្រទេសឈីលី និងន័រវែស មានចំនួនច្រើនជាងគេបំផុត៕

