កម្ពុជា-តួកគីយ៉េ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងតួកគីយ៉េ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រជាជន និងប្រជាជន ព្រមទាំងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉ែប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានថ្លែងអំណរគុណតួកគីយ៉េដែលតែងតែគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោកក៏បានស្នើស្ថានទូតតួកគីយ៉េ បន្តដើរតួនាទីជាស្ពានសម្របសម្រួលជាមួយក្រសួងវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ដើម្បីពន្លឿនការអនុវត្តMOU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ នាពេលឆាប់ៗ ខាងមុខ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា និងការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ជំរុញការវិនិយោគ និងការភ្ជាប់ធុរកិច្ចក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ស្ថានទូត ក្នុងការបន្តធ្វើជាស្ពានសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការគាំទ្រចំពោះការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-តួកគីយ៉េលើកទី១ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សា (FAM Trip) និងការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា-តួកគីយ៉េ ដើម្បីរួមចំណែកជំរុញលំហូរភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះ។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងតួកគី មានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៩ និងបានចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍នៅឆ្នាំ២០១៨ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមក។