ក្រសួងទេសចរណ៍ និងធនាគារជាតិនៃកម្ពុជា បានសហការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ។ ការសហការរវាងក្រសួងទេសចរណ៍ និងធនាគារជាតិ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលធនាគារជាតិនៃកម្ពុជា សម្រេចបាននាពេលកន្លងមក មានជាអាទិ៍៖ ការទទួលយកប្រាក់ដុល្លារដែលចាស់ឬប្រឡាក់, ប្រព័ន្ធទូទាត់បាគង, ការដាក់ឱ្យដំណើរការ «Bakong Tourist App» ដែលពិតជាបានចូលរួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នា ស្តីពីការជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ដែលនឹងអាចមានកិច្ចសហប្រតិបត្តិការជាមួយនឹង (Visit App Cambodia) ដើម្បីសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ និងជួយផ្សព្វផ្សាយសារមន្ទីរសេដ្ឋកិច្ច និងរូបីយវត្ថុព្រះស្រីឦសានវ័រ្មន (ស.ស.រ.) ដែលជាផលិតផលទេសចរណ៍ប្រវត្តិសាស្ត្រមួយដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា។
យោងតាមរបាយការណ៍ស្ថិតិឆ្នាំ២០២៤ អាស៊ានបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១២៣លាននាក់ កើន ៣០.៦% ធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២៣។ ចំពោះកម្ពុជា នៅឆ្នាំ២០២៤ ទទួលទេសចរ អន្តរជាតិ ៦,៧លាននាក់ ជាមួយទេសចរជាតិប្រមាណ ២២,៥២លាននាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាន ៣៦ម៉ឺននាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ហើយភ្ញៀវទេសចរជាតិមានប្រមាណ ១៤លាន ៥៧ម៉ឺននាក់ កើនឡើង ៥០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤៕



