ពិភពលោក ប្រឈមមុខនឹងការខ្វះខាតប្រេង ១,១៥ ពាន់លានបារ៉ែល ដោយសារជម្លោះនៅមជ្ឈិមបូព៌ា

អន្តរជាតិ

យោងតាមក្រុមហ៊ុនវិភាគ Kpler បានបង្ហាញឲ្យដឹងថា ពិភពលោកបានជួបប្រទះទៅនឹងការខ្វះខាតប្រេងសរុបប្រមាណ ១,១៥ ពាន់លាបារ៉ែល ក្នុងរយៈពេលបួនខែកន្លងមកនេះ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីត្រូវបានបិទអស់រយៈពេល ៤ខែ ទីបំផុតច្រកសមុទ្រ Hormuz បានបើកដំណើរការឡើងវិញ ខណៈពេលដែលអ៊ិរ៉ង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីសប្តាហ៍មុន ហើយបន្តកិច្ចចរចាបន្ថែមទៀត នៅសប្តាហ៍នេះ។

យ៉ាងណាមិញ នៅមុនពេលមានកិច្ចព្រមព្រៀងនេះ ប្រេងនៅជម្ឈិមបូព៌ា ស្ទើតែមិនអាចដឹកចេញទៅណាបាន ដែលបណ្តាលឲ្យមានការខ្វះខាតនៅទូទាំងពិភពលោក ក្នុងចំនួនប្រហែល ១,១៥ ពាន់លានបារ៉ែល។ មុនពេលមានជម្លោះ ទីផ្សារប្រេងសកលបានជួបប្រទះនឹងការផ្គត់ផ្គង់លើសកម្រិតគួរឱ្យកត់សម្គាល់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយប្រែទៅជាការខ្វះខាតយ៉ាងខ្លាំងវិញ ដោយសារនាវាដឹកប្រេងមិនអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បាន។

ជាលទ្ធផល តម្លៃប្រេងឆៅប្រភេទ Brent បានឡើងដល់កំពូល ១២៦,៤១ដុល្លារក្នុងមួយបារ៉ែល ដែលបង្ខំឱ្យប្រទេសជាច្រើនបញ្ចេញទុនបម្រុងដើម្បីធ្វើឱ្យទីផ្សារចុះថយកម្តៅ។ យោងតាម Kpler ស្តុកប្រេងសកលបានថយចុះប្រហែល ១៩០ លានបារ៉ែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

មិនតែប៉ុណ្ណោះ ទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ប្រទេសជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ១៩៩០មកដែរ។ ជាពិសេស ទុនបម្រុងប្រេងសង្គ្រោះបន្ទាន់របស់សហរដ្ឋអាមេរិកស្ថិតនៅកម្រិតទាបបំផុតក្នុងរយៈពេល ៤៣ឆ្នាំចុងក្រោយ៕​