បន្លែសុវត្ថិភាព ក្នុងស្រុកស្វាយរៀង ខេត្តស្វាយរៀង កំពុងពេញនិយម សម្រាប់អ្នកបរិភោគ ដោយគេដឹងថាប្រជាកសិករ ក្នុងតំបន់នេះ បានផលិតបន្លែ មិនប៉ះពាល់ដល់សុខភាព ដល់អ្នកបរិភោគ។ ទន្ទឹមគ្នានេះ កសិករជោគជ័យ បានជំរុញឱ្យកសិករដទៃទៀតគួរងាកមកដាំបន្លែសុវត្ថិភាពនៅក្នុងរោងវិញ ដើម្បីធានាសុខភាពអ្នកបរិភោគ និងទទួលបានចំណូលខ្ពស់។

នេះបើតាមការគូសបញ្ជាក់ឲ្យដឹង ពីលោក វ៉ា ឈាន ក្រុមប្រឹក្សាសហគមន៍ផ្គត់ផ្គងបន្លែស្វាយរៀង និងជាកសិកររស់នៅក្នុងភូមិចំបក់មាស ឃុំសង្ឃ័រ ស្រុកស្វាយរៀង ខេត្តស្វាយរៀង តាមរយៈដំណើរទស្សនកិច្ចសិក្សាទៅកាន់សហគមន៍ដាំបន្លែសុវត្ថិភាព ដែលរៀបចំឡើងដោយអង្គការឌីភីអេ អង្គការហ្គ្រេត សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិត កសិកម្ម (CFAP Cambodia) និងសមាគមនិរន្តភាពដីជីវិត (SSLA) ដោយមានការគាំទ្រពីអង្គការ Uni4Coop។
ក្នុងដំណើរទស្សកិច្ចនេះដែរ ជាផ្នែកមួយនៃបេសកម្មនៃរបស់បណ្ដាញ ALiSEA ដោយមានការការផ្ដល់មូលនិធិពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសបែលហ្សិក (DGD) និងសហផ្ដល់មូលនិធិដោយ ទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍន៍ (SDC) ភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និង សហភាពអឺរ៉ុប (EU)។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសនោះ លោក វ៉ា ឈាន បានឱ្យដឹងថា បច្ចុប្បន្នរូបលោក កំពុងដាំដុះបន្លែសុវត្ថិភាពនៅក្នុងរោង មានដូចជា៖ស្ពៃ ម្រះ ជីនាងវង់ ត្រសក់ ប៉េងប៉ោះ ស្លឹកគ្រៃ និងបន្លែស្លឹកមួយទៀត។
លោកបន្តថា៖ «ការដាំបន្លែនៅក្នុងរោងរបស់ខ្ញុំ គឺមិនបានប្រើប្រាស់ជី និងថ្នាំគីមីពុលនោះទេ ពោលគឺខ្ញុំប្រើតែជីធម្មជាតិសុវត្ថិភាពប៉ុណ្ណោះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់»។
លោក វ៉ា ឈាន បានបន្ថែមទៀតថា លោកបានចាប់ផ្តើមដាំបន្លែសុវត្ថិភាពនៅរោង នៅឆ្នាំ២០២០ នៅលើផ្ទៃដី ៣០០ ម៉ែត្រការ៉េ ដោយទទួលបានបច្ចេកទេសដាំដុះ និងរបៀបវេចខ្ចប់ពីក្រសួង និងអង្គការដៃគូរនានា ខណៈទិន្នផលបន្លែដែលលោកដាំបាន គឺលក់ទៅឱ្យផ្សារទំនើបអ៊ីអន នៅភ្នំពេញ ចន្លោះពី៥០០គីឡូ ទៅ៧០០គីឡូ ក្នុងរយៈពេល១ខែៗ។

កសិកររូបនេះ បានបញ្ជាក់ដូច្នេះថា៖«ចំពោះបន្លែសុវត្ថិភាពដែលខ្ញុំដាំបាន ហើយលក់ទៅផ្សារទំនើបគឺមានតម្លៃថេរ ឧទាហរណ៍៖ ស្ពៃលក់បាន២៥០០រៀងក្នុង១គីឡូក្រាម មិនថាខែប្រាំងឬវស្សាទេ តែបើលក់ឱ្យផ្សារសេរីនៅក្នុងតំបន់វិញ គឺមានតម្លៃអាចប្រែប្រួល និងពេលខ្លះទាបជាងលក់នៅផ្សារទំនើបទៀត»។
កសិករដែលដាំបន្លែសុវត្ថិភាពជោគជ័យរូបនេះ បានបញ្ជាក់ថា ការងាកមកដាំដុះបន្លែសុវត្ថិភាពនៅក្នុងរោង គឺទទួលបានប្រាក់ចំណេញខ្ពស់ជាងមិនដាំនៅក្នុងរោង ព្រោះដាំក្នុងរោងមិនភ័យមានសត្វមកបំផ្លាញ ការធ្វើពលកម្មក៏តិចជាងមុន មិនសូវហត់ មិនពិបាកដូចដាំនៅខាងក្រៅឡើយ ពិសេសទទួលបានប្រាក់ជំនាញបានច្រើន។

លោក វ៉ា ឈាន ថែមទាំងបានបញ្ជាក់ដូច្នេះថា៖«ត្បិតថា ដំបូងឡើយយើងចំណាយច្រើនទៅលើការធ្វើរោងក៏ពិតមែន តែវាធ្វើឱ្យយើងអាចដាំដុះបន្លែបានយូរ មិនងាយខូចខាតបន្លែ ជាក់ស្តែងចំណូលដែលខ្ញុំទទួលបានក្នុងមួយឆ្នាំៗ អាចចន្លោះពី៥០០០ ទៅជិត៦០០០ដុល្លារ ពីការលក់បន្លែសុវត្ថិភាពដែលខ្ញុំដាំបាន ហើយការដាំដុះបន្លែនៅក្នុងរោងពិតជាអាចជួយកែប្រែជីវភាពគ្រួសារខ្ញុំបានមួយចំណែកធំ»។
ជាចុងក្រោយ កសិកររូបនេះ បានជំរុញឱ្យកសិករដទៃទៀត ងាកមកដាំដុះបន្លែនៅរោងវិញ ព្រោះវិធីនេះជួយការពារបន្លែពីសត្វល្អិត និងកត្តាអាកាសធាតុ (ភ្លៀងខ្លាំង ឬកម្តៅថ្ងៃខ្លាំង) ដែលធ្វើឱ្យការប្រមូលផលអាចធ្វើបានគ្រប់រដូវកាល។កសិករខាងលើ ក៏ជំរុញឱ្យកសិករដាំបន្លែទាំងអស់ បញ្ឈប់ការប្រើប្រាស់ជី ថ្នាំពុលគីមី ដោយជំនួសមកប្រើប្រាស់ជីកំប៉ុស ជីលាមកសត្វ និងទឹកថ្នាំផ្សំពីធម្មជាតិវិញ ដើម្បីធានាសុវត្ថិភាពអ្នកបរិភោគនៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ពិសី






