កម្ពុជា-អឺរ៉ុប បានបើកកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន ដើម្បីកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ កិច្ចសន្ទនានេះបានរៀបចំឡើងនាថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដោយមានការចូលរួមក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាព មកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងលម្អិតផុសផុល ជាមួយស្មារតីសហការប្រកបដោយឆន្ទៈខ្ពស់ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា សំដៅធានាឱ្យបាននូវការបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងផ្តល់ភាពអនុគ្រោះជាអតិបរមាដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីសហភាពអឺរ៉ុប។

វេទិកានៃកិច្ចសន្ទនានេះ គឺធ្វើឡើងដើម្បីបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុង វេទិកានៃកិច្ចសន្ទនាទាំង៣លើកកន្លងមក សំដៅជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែមានភាពប្រសើរឡើង ព្រមទាំងកសាងទំនុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងមានប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។

វេទិកានេះ ក៏បានស្វែងរកដំណោះស្រាយជូនវិនិយោគិន កិច្ចសន្ទនាបែបត្រង់ទៅត្រង់មក ដែលជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការតម្រង់ទិសដៅវិនិយោគរបស់កម្ពុជា ឱ្យស្របទៅនឹងនិន្នាការសកល ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ តាមរយៈកិច្ចសហការជិតស្និទ្ធរវាង CDC និង EuroCham ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម កម្ពុជា-សហភាពអឺរ៉ុប ដែលមានស្រាប់នឹងបន្តរីកលូតលាស់កាន់តែរឹងមាំ ហើយរំពឹងថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការទាក់ទាញគម្រោងវិនិយោគគុណភាពថ្មីៗបន្ថែមទៀត នាពេលអនាគត៕អត្ថបទ៖ហ្សាលីន


