ឯកឧត្ដម ប៉ាន សូរស័ក្តិ៖ កម្ពុជា ត្រៀមស្បៀងបម្រុងជាស្រេច ដើម្បីបញ្ចេញទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រៀប​ចំ​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​យុទ្ធ​សាស្ត្រ​របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហារ និង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុងកិច្ចប្រជុំបូកសរុបការវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់ កាលថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២២​ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែល​មាន​ក្រុម​ហ៊ុនហ្គ្រីនត្រេដជាសេនាធិការ បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រៀប​ចំ​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​យុទ្ធ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហា និងផលប៉ះពាល់នានា ដែល​បង្ក​ឡើងដោយសារទឹកជំនន់។

ឯកឧត្តម លើកឡើងថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែល​ក្រុម​ហ៊ុន​ហ្គ្រីន​ត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺ​បាន​អនុវត្ត​ដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តី​ពី​ការ​បង្កើត​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

ជាងនេះទៀត ឯកឧត្តម បន្តថា «ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ ដែល​បង្ក​ឡើង​ដោយ​សារ​ទឹក​ជំនន់​នៅ​តាមបណ្តាខេត្តមួយចំនួនកន្លងទៅ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បាន​ចាត់​ចែង​បញ្ចេញ​ស្តុក​ស្បៀង ជូនខេត្តគោលដៅដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា ក្នុង​នោះរួមមាន ៖១ខេត្តកំពង់ធំ ចំនួន ៧.៨២៥​គ្រួសារ ២ខេត្តបន្ទាយមានជ័យ ចំនួន ២.៧៥០​គ្រួសារ ៣ខេត្តបាត់ដំបង ចំនួន ១.០០០ គ្រួសារ ៤ខេត្តព្រះវិហារ ចំនួន ២៤៧គ្រួសារ ៥ខេត្តឧត្តរមានជ័យ ចំនួន ២៥០​គ្រួសារ ៦ខេត្តសៀមរាប ចំនួន ៥.៩១៤​គ្រួសារ (បញ្ចេញ ២ លើក ក្នុងបរិមាណសរុប ១០.០៥០ គ្រួសារ

សូមជម្រាប់ដែរថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បាន​បញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង ១៧.៩៨៦ កញ្ចប់។ ​ក្រុម​ហ៊ុន​ហ្គ្រីន​ត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែក​ជូន​ប្រជា​ពលរដ្ឋ​ជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាប ចំនួន ១០.០៥០ គ្រួសារ និង​ត្រៀម​ជា​ស្រេច ដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ៕