កម្ពុជា-ឡាវ បានពិភាក្សាពីកិច្ចសហប្រតិបត្តិការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាពិសេសការនាំចូលរ៉ែជីកសិកម្មពីប្រទេសឡាវសម្រាប់ផ្គត់ផ្គង់វិស័យកសិកម្មកម្ពុជា និងពិនិត្យនីតិវិធីនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

កិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃប្រទេសឡាវ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ លោក ឌិត ទីណា បានលើកឡើងពីកិច្ចសហប្រតិបត្តិការជំរុញកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាពិសេសការនាំចូលរ៉ែជីកសិកម្មពីប្រទេសឡាវសម្រាប់ផ្គត់ផ្គង់វិស័យកសិកម្មកម្ពុជា និងពិនិត្យនីតិវិធីនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីនៃប្រទេសឡាវ ក៏បានបង្ហាញគោលជំហរសុទិដ្ឋនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ និងបន្តសហការជាមួយក្រសួងកសិកម្មនៃប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន ជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
គួររម្លឹកថា កម្ពុជា-ឡាវ ធ្លាប់បានឯកភាពគ្នាជម្រុញកសិពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដោយផ្តោតលើ ការនាំចេញផលិតផលស្វាយ ទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន ឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្ម របស់កម្ពុជា។
ថ្មីៗនេះរដ្ឋាភិបាលឡាវ ក៏បានអនុញ្ញាតឱ្យកម្ពុជា ដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន ទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿនផងដែរ៕


