នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានាថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាគិតគូរពីការរៀបចំ និងបញ្ចូលច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្មទៅជាក្រមពាណិជ្ជកម្មមួយដែលច្បាស់លាស់ មានសមានគតិភាព និងជួយទ្រទ្រង់ប្រសិទ្ធភាពនិងការលូតលាស់នៃធុរៈកិច្ច ដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយនៃការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។
នៅក្នុងកិច្ចពិភាក្សាតុមូល ឧកញ៉ា តាន់ មុនីវណ្ណ បានមានប្រសាសន៍គាំទ្រចំពោះការធ្វើ កំណែទម្រង់ច្បាប់ និង បានគូសបញ្ជាក់ថា សម័យកាលបច្ចុប្បន្នគឺវិវត្តជាមួយយុគសម័យ AI ដូចនេះការរៀបចំចងក្រងច្បាប់ហើយដាក់អោយប្រើប្រាស់នៅលើថ្នាល AI គឺជួយធានាប្រសិទ្ធភាពនៃច្បាប់ និងជៀសវាងការកែសម្រួលនាពេលអនាគត។ ឧកញ៉ាបណ្ឌិតក៏បានកត់សម្គាល់ផងដែរថាក្រមពាណិជ្ជកម្មគឺត្រូវការធនធានមនុស្សជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍ និងស្នើឲ្យបង្កើតក្រុមការងារចម្រុះ ដើម្បីជួយពិនិត្យបច្ចេកទេសនៃច្បាប់ដែលកែសម្រួល និងចងក្រង។






















