អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីប្រទេសរុស្ស៊ី មកដល់កម្ពុជាហើយ ដើម្បីបន្តនីតិវិធីរបស់តុលាការ

ជុំវិញ​ឧកញ៉ា

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៊ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធីរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធី ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិទៅនៅប្រទេសកម្ពុជាក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៤៕