EDC ត្រៀមពង្រាយអនុស្ថានីយចល័ត ៧គ្រឿង ទៅកាន់ខេត្តគោលដៅ ដើម្បីបម្រើឱ្យវិស័យឧស្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីឆ្លើយតបទៅនឹងកំណើនប្រើប្រាស់អគ្គិសនីយ៉ាងគំហុកនៅតាមបណ្តារោងចក្រឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច ពិសេសនានា រហូតដល់ចុងឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា (EDC) នឹងដាក់បន្ថែមអនុស្ថានីយចល័តចំនួន ៧ គ្រឿង ទៀត នៅតាមទីតាំងមួយចំនួន រួមមាន ស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកជីក្រែង ខេត្តកំពង់ធំ និងខាងត្បូងខេត្តសៀមរាប ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា ក៏បានបញ្ចប់ការធ្វើតេស្ត សាកល្បងដោយជោគជ័យ និងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយការដាក់ឱ្យដំណើរការនូវអនុស្ថានីយចល័តដាក់លើរថយន្តធំ (Mobile Substation) តង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA លើកទី១ នៅក្នុងប្រទេសកម្ពុជានៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ចំពោះមុខ ជាពិសេសតំបន់ឧស្សាហកម្ម។

អនុស្ថានីយចល័តនេះ អាចបើកបរពីទីតាំងមួយទៅមួយបាន ហើយអាចភ្ជាប់ទៅនឹងខ្សែបញ្ជូនតង់ស្យុងខ្ពស់បានលឿន ដើម្បីជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនីដែលមានតម្រូវការបន្ទាន់។ អនុស្ថានីយចល័តនេះត្រូវ បានដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ហើយនឹងចល័តទៅប្រើនៅទីតាំងផ្សេង នៅពេលដែលអគ្គិសនីកម្ពុជាកំពុងសាងសង់ អនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ នេះផងដែរ។

គម្រោងនេះ នឹងធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីឱ្យកាន់តែប្រសើរឡើងក្នុងស្រុករវៀង និងតំបន់ជុំវិញ ដែលកន្លងមកយកប្រភពផ្គត់ផ្គង់ពីអនុស្ថានីយ ជ័យសែនតាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ដែលមានចម្ងាយឆ្ងាយរហូតដល់ទៅប្រមាណជាង ៧០ គីឡូម៉ែត្រ ដែលអាចបណ្តាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី និងមិនអាចប្រើប្រាស់បានក្នុងលក្ខណៈឧស្សាហកម្ម។

សូមជម្រាបផងដែរថា បើតាមអគ្គិសនីកម្ពុជា លក្ខណៈពិសេសរបស់អនុស្ថានីយចល័តនេះ គឺយកទៅប្រើប្រាស់បន្ទាន់បានលឿន សម្រាប់ទីតាំងថ្មីត្រូវការពេលប្រមាណ ២ សប្តាហ៍ នឹងសម្រាប់ជំនួសអនុស្ថានីយ ដែលមានបញ្ហាតែក្នុងរយៈពេលប្រមាណ ២ ថ្ងៃប៉ុណ្ណោះ៕