សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម។នាឱកាសនោះ សម្ដេចតេជោ ក៏បានបង្ហាញក្តីសង្ឃឹមថា សមាគមជនជាតិខ្មែរនៅជប៉ុន នឹងអាចពង្រីកសាមគ្គីភាពនៃសហគមន៍ខ្មែរនៅជប៉ុនបន្ថែមទៀត។

នៅក្នុងជំនួបខាងលើ លោក ហៃ វណ្ណា បានបានរាយការណ៍អំពីវឌ្ឍនភាពរបស់សមាគមជនជាតិខ្មែររស់នៅក្នុងប្រទេសជប៉ុន និងសកម្មភាពការងារមួយចំនួនដែលសមាគមសម្រេចបាននាពេលកន្លងមក ហើយជាពិសេសគឺគោលដៅរបស់សមាគមក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងខ្មែរនិងខ្មែររស់នៅក្នុងប្រទេសជប៉ុននិងការជួយជ្រោមជ្រែងនៅលើផ្នែកផ្សេងៗទៀតរបស់សមាគមខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុននោះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ហើយក៏សូមអបអរសាទរចំពោះ លោក ហៃ វណ្ណា និងសហការីដែលបានបង្កើតសមាគមនេះឡើង ដើម្បីពង្រឹងនូវចំណងសាមគ្គីភាពរបស់ខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុន។

សម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព របស់សមាគម ហើយសម្ដេចក៏បានលើកឡើងពាក់ព័ន្ធទៅនឹងការបង្កើតសមាគម ដោយសម្ដេចបានសង្កត់ធ្ងន់ទៅលើការបង្កើតគឺជារឿងមួយដ៏លំបាកហើយ ក៏ប៉ុន្តែរឿងសំខាន់គឺការរក្សាបាននូវនិរន្តរភាពសមាគមនេះ។ ជាថ្មីម្តងទៀត ឆ្លៀតឱកាសនោះ សម្ដេចក៏បានបង្ហាញក្តីសង្ឃឹមដែរថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដែលដឹកនាំដោយលោក ហៃ វណ្ណា នឹងរក្សាបាននូវនិរន្តរភាព និងអាចពង្រីកនូវសាមគ្គីភាព នៃសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុនបន្ថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន


