ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ចូលកាន់តំណែងអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បន្តពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការពារជាតិ ប្រកាសចូលកាន់មុខតំណែងរបស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសឲ្យលោក ម៉ៅ សុផាន់ ចូលកាន់តំណែងអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ក្រោយតំណែងមួយនេះទំនេរមួយរយៈបន្ទាប់ពីនាយឧត្តមសេនីយ៍ផ្កាយមាស ៤ ហ៊ុន ម៉ាណែត ឡើងកាន់តំណែងនាយករដ្ឋមន្រ្តីបន្តពីសម្តេចតេជោ ហ៊ុន សែន សម្រាប់អាណត្តិទី៧ ខណៈសម្តេចតេជោត្រូវបានតែងតាំងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ធ្លាប់ទទួលបានសិទ្ធិធ្វើជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោក ដើម្បីដឹកនាំបញ្ជាគ្រប់គ្រង និងដោះស្រាយរាល់ការងារនៃកងទ័ពជើងគោក។ នេះបើតាមលិខិតនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់សិទ្ធិនេះជូនលោក ម៉ៅ សុផាន់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ 

សម្តេចតេជោ ហ៊ុន សែន កាលណោះជានាយករដ្ឋមន្រ្តី ប្រកាសចេញពីកម្មវិធីសាធារណៈមួយអំឡុងខែមីនា ឆ្នាំ២០២៣ ថា នៅពេលឯកឧត្តម ហ៊ុន ម៉ាណែត ចេញធ្វើនយោបាយ អ្នកដែលនឹងក្លាយជាមេបញ្ជាការកងទ័ពជើងគោក គឺលោក ម៉ៅ សុផាន់ មិនមែនលោក ហ៊ុន ម៉ានិត នោះទេ។ 

បច្ចុប្បន្ន លោក ម៉ៅ សុផាន់ ជាមេបញ្ជាការរងកងទ័ពជើងគោកស្រាប់ និងជាមេបញ្ជាការកងពលតូចលេខ៧០ ឯលោក ហ៊ុន ម៉ានិត ក៏ជាមេបញ្ជាការរងកងទ័ពជើងដែរ ដែលទើបទទួលការតែងតាំង បន្ថែមពីតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចនៃក្រសួងការពារជាតិ៕