ណែនាំឱ្យស្គាល់ ឧកញ៉ាម្នាក់ដែលជាកវីនិពន្ធឆ្នើមនៅសម័យអាណានិគមនិយមបារាំង

សង្គម​និង​សេដ្ឋកិច្ច

នៅសម័យដែលកម្ពុជាបានជាប់ក្នុងនឹមត្រួតត្រារបស់បារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ ( ឆ្នាំ១៨៦៣-១៨៨៤ អាណាព្យាបាល , ឆ្នាំ១៨៨៤-១៩៥៣ អាណានិគម) កម្ពុជាមានអ្នកនិពន្ធ កវីនិពន្ធឆ្នើមយ៉ាងច្រើនរូប ដូចជា ឧកញ៉ា វង្សាធិបតី អ៊ុក, លោក វិសេសដូង, ព្រះធម្មបញ្ញា អ៊ុក និងឧកញ៉ា នូ កនជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍សូមណែនាំឱ្យស្គាល់ ឧកញ៉ា នូ កន ដែលលោកជាកវីនិពន្ធឆ្នើមមួយរូបរបស់ប្រទេសខ្មែរកាលជំនាន់សម័យអាណានិគមនិយមបារាំង។

បើយោងទៅតាមសៀវភៅ អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី របស់លោក លី ធាមតេង បោះពុម្ពឆ្នាំ១៩៧២ និង សៀវភៅ ជីវប្រវត្តិ អ្នកនិពន្ធខ្មែរ របស់លោកជ័យ ចាប បោះពុម្ពឆ្នាំ១៩៨៨ បានបញ្ជាក់ថា ឧកញ៉ា នូ កន  មានគោរមងារពេញគឺ ឧកញ៉ាវិបុលរាជសេនា នូ កន។ លោកបានកើតនៅឆ្នាំ ១៨៧៤ នៅអង្គតាសោម ស្រុកតាំកក់ ខេត្តតាកែវ។ លោកមានម្ដាយឈ្មោះ នូ ឪពុកឈ្មោះ អ៊ុក មានមុខរបរជាកសិករ។

ឧកញ៉ា នូ កន កាលនៅអាយុ៩ ឆ្នាំ បានទៅសិក្សានៅវត្តត្នោត, អាយុ១៤ឆ្នាំបួសជាសាមណេរបានមួយវស្សា។ ប្រវត្តការងាររបស់ឧកញ៉ា នូ កន ចាប់ផ្ដើមដំបូងនៅអាយុ ១៧ឆ្នាំ គឺចូលធ្វើជាស្មៀនចៅហ្វាយខេត្តទ្រាំង ។ លុះដល់ឆ្នាំ១៨៩១ លោកបានចូលធ្វើការក្នុងក្រុមអាលក្ខណ៍ ក្នុងវាំង បាន៤ឆ្នាំ នារជ្ជកាលព្រះបាទនរោត្តម។

ក្រោយមកទៀត ឧកញ៉ា នូ កន បានផ្លាស់ទៅធ្វើការនៅក្រសួងសុរិយោដី និងក្រសួងរតនាគារ ដោយនៅពេលនោះ លោកត្រូវបានអ្នកឧកញ៉ា ពិភក្ដិទិព្វ រាជម៉ម បានតាំងងារជា ម៉ឺនភក្ដីអក្សរ។ នៅឆ្នាំ១៩០២ លោកឧកញ៉ា បានប្រឡងជាប់លេខ១ ផ្នែកអក្សរសាស្រ្ត។ ក្រោយប្រឡងជាប់លោកបានទៅបន្តវិជ្ជា ផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

នៅឆ្នាំ១៩០៣ ក្រោយលោកត្រឡប់ពីរៀននៅក្រៅប្រទេសវិញ លោកឧកញ៉ា ត្រូវបានតែងតាំងជាចៅហ្វាយខេត្តកំពង់សៀម ។ ស្របពេលនេះ លោកក៏ជាគ្រូជាបង្រៀនផ្នែកច្បាប់ និងទំនៀមទម្លាប់ខ្មែរ ក្នុងសាលាខេត្តផងដែរ។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ១៩០៩ លោកត្រូវបានតែងតាំងជា ចៅហ្វាយខេត្តពញាឮ, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩០៩ លោកត្រូវបានតែងតាំងជា ចៅហ្វាយខេត្តស្ទឹងត្រែង, នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩១៦ លោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តកំពង់ធំ (កំពង់ស្វាយ), នៅថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ១៩១៩ លោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តកំពង់សៀម (កំពង់ចាម)។

ឆ្លងកាត់តាមបទពិសោធន៍ជាច្រើនឆ្នាំក្នុងតួនាទីជាចៅហ្វាយខេត្ត លោកឧកញ៉ា នូ កន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩២១  លោកទទួលបានយសសក្ដិជា ឧកញ៉ាវិបុលរាជសេនា តំណែងជាភូឈួយសេនាបតីក្រសួងជើងទឹក ថ្នាក់ឧត្តមមន្ត្រីលេខ២។

មិនបញ្ចប់តួនាទីត្រឹមនេះ លោកឧកញ៉ា បន្តកាន់តួនាទីជាភូឈួយក្រសួងពានិជ្ជការវិញម្ដង នៅឆ្នាំ១៩២៦ ដោយមានយសសក្ដិដដែល។ បន្តមកទៀត លោកបានចូលធ្វើជាតំណាងរាស្ត្រមណ្ឌលកោះសូទិន ពីឆ្នាំ ១៩៤៥-១៩៤៧។ ការងារជាតំណាងរាស្រ្តនេះ ជាការងារចុងក្រោយក្នុងជីវិតរបស់លោក។

នៅក្នុងវិស័យអក្សរសាស្រ្ត ឧកញ៉ា នូ កន បានបើកទំព័រប្រវត្តិសាស្រ្តដំបូង ក្នុងការប្រើពាក្យ«ប្រលោមលោក» មុនគេ សម្រាប់បកប្រែភាសាបារាំងថា Roman ដែលសម្ដៅលើប្រភេទរឿងជាពាក្យរាយធម្មតា មិនមែនរឿងល្បែង ដែលខ្មែរយើងពីបុរាណ តែងតែសរសេរជាពាក្យកាព្យ។ ជាមួយគ្នានោះលោក ឧកញ៉ា បានបន្សល់ទុកស្នាដៃជាច្រើនដូចជា៖

១. រឿងសាមកុក  ជាប្រភេទរឿងប្រែពីភាសាថៃ ១៩៣៣ បាន១០ហើយត្រូវបានបោះពុម្ពផ្សាយជាបន្តបន្ទាប់នៅទស្សនាវដ្តីកម្ពុជសុរិយាតាំងពីឆ្នាំ១៩៤៨ រហូតដល់ ឆ្នាំ១៩៧៤ ជាពេលដែលទស្សនាវដ្តីមានជីវិត។
២. រឿង ពិម្ពានិព្វាន (ពាក្យកាព្យ) ជាប្រភេទសាស្ត្រាល្បែងសរសេរនៅឆ្នាំ១៩២៣។
៣. រឿង ទាវឯក ពាក្យកាព្យសរសេរជាបទពាក្យ៨ ១៩២៣ ជាប់លេខ១ខាងអក្សរសាស្រ្ត បោះពុម្ពឆ្នាំ១៩៤២ សរសេរជាកំណាព្យបទពាក្យ៨ ជាប្រភេទសាស្ត្រាល្បែង។
៤. រឿង តុងឈិន ប្រលោមលោកពាក្យរាយ ឆ្នាំ១៩៤៧ ជាស្នាដៃដំបូងគេបង្អស់របស់លោកដែលបានសរសេរក្នុងសម័យដែលប្រលោមលោកបានកើតឡើង។
៥. រឿង សមុទ្ទជេដ្ឋា  ប្រលោមលោកពាក្យរាយ មិនទាន់បានបោះពុម្ពផ្សាយ។
៦. រឿង មហាសុបស្សីតាបស មិនទាន់បានបោះពុម្ពផ្សាយ។
៧. រឿង ឥណាវ សរសេរជាពាក្យរាយ មិនទាន់បានបោះពុម្ពផ្សាយ។
៨. រឿង អ៊ីណាវ ជាប្រភេទកំណាព្យ សាស្ត្រាល្បែង។
៩. រឿង លួងឆានភក្តី សរសេរជាពាក្យរាយ មិនទាន់បានបោះពុម្ពផ្សាយ។

សូមជម្រាបជូនថា ឧកញ៉ា នូ កន បានទទួលមរណភាពនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ១៩៤៧ វេលាម៉ោង ៨យប់ ជន្មាយុ ៧៣ឆ្នាំ នៅគេហដ្ឋាននាខេត្តកំពង់ចាម៕

អត្ថបទ៖ សុកធា