រយៈពេល៥ឆ្នាំ ខេត្តប៉ៃលិន នាំចេញកសិផលទៅក្រៅប្រទេសបានប្រមាណជាង២លានតោន

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា រយៈពេល៥ឆ្នាំកន្លងមក ខេត្តប៉ៃលិន បានធ្វើការនាំចេញកសិផលទៅក្រៅប្រទេសបានប្រមាណជាង២លានតោន។ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទ្ធសារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក»របស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំ បរិមាណនៃការនាំចេញកសិផលទៅក្រៅប្រទេសរបស់ខេត្តប៉ៃលិន មានចំនួនសរុប២.១១៤.៩៩០ តោន រួមមាន ដំឡូងមី ពោតក្រហម ស្វាយកែវរមៀត មៀនប៉ៃលិន ម្ទេស ជាដើម។

លើសពីនោះ លោកស្រី បានបន្តថា ក្នុងរយៈពេលថ្មីៗនេះពោតក្រហម ដំឡូងមី និងស្វាយកែវរមៀត មានតម្លៃខ្ពស់ជាងតម្លៃឆ្នាំកន្លងមក។ជាមួយគ្នានោះ រដ្ឋបាលខេត្តសហការជាមួយមន្ទីរជំនាញខិតខំរកទីផ្សារដើម្បីលើកកម្ពស់តម្លៃកសិផល ក៏ ដូចជាលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋផងដែរ តាមរយៈការជម្រុញដល់ការនាំចេញទៅក្រៅ ប្រទេស (ថៃ វៀតណាម និងចិន)។

គួរឱ្យដឹងផងដែរថា សក្តានុពលនៃទិន្នផលកសិកម្មក្នុងខេត្តប៉ៃលិនមានការកើនឡើង ធ្វើឱ្យកន្លែងទិញកសិផលចំនួន៥៤កន្លែង សម្រាប់ទិញកសិផលពីប្រជាពលរដ្ឋទូទាំងខេត្ត និងខេត្តជាប់ព្រំដែនសម្រាប់ស្តុក និងនាំចេញទៅក្រៅប្រទេស។ ទន្ទឹមនឹងនោះផងដែរ ខេត្តប៉ៃលិនមានច្រកទ្វារព្រំដែនអន្តរជាតិ ព្រំដែនដែលអាចសម្រួលដល់ការដោះដូរផលិតផលកសិកម្មរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរគឺ កម្ពុជា-ថៃផងដែរ ៕