ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៦។

របៀបវារៈសំខាន់ៗទាំង ៦ នោះ មានដូចខាងក្រោម៖១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។និង៦-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន ស្តីពីប្រភេទ អនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។

សូមរម្លឹកដែរថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ តែងតែធ្វើឡើងដើម្បីពិនិត្យ និងសម្រេចលើសំណើតាក់តែងច្បាប់ និងកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល។ តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ សម្តេចនាយករដ្ឋមន្ត្រីនឹងដាក់ការណែនាំនានា ពាក់ព័ន្ធកិច្ចការដឹកនាំរដ្ឋ និងបញ្ហានានាក្នុងសង្គមផងដែរ៕ អត្ថបទ៖ហ្សាលីន

