នៅថ្ងៃទី២៥ ខែមិថុនា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសថា សន្ទស្សន៍ចំណាយប្រើប្រាស់ផ្ទាល់ខ្លួន (PCE) សម្រាប់ខែឧសភា បានកើនឡើង ៤,១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ PCE គឺជារង្វាស់អតិផរណាដែលធនាគារកណ្តាលសហរដ្ឋអាមេរិកតែងតែយកមកប្រើប្រាស់សម្រាប់ការសម្រេចចិត្តទៅលើអត្រាការប្រាក់របស់ខ្លួន។ ធនាគារកណ្តាលសហរដ្ឋអាមេរិក ជាធម្មតាចាត់ទុកសន្ទស្សន៍ PCE ស្នូលជាសូចនាករនិន្នាការរយៈពេលវែង ជាពិសេសចាប់តាំងពីអតិផរណានៅឆ្នាំនេះ ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយតម្លៃថាមពលដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។
គួរឲ្យដឹងថា បើទោះបីជាតម្លៃប្រេង និងសាំងនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែមានកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែអ្នកសេដ្ឋកិច្ចជឿជាក់ថាអតិផរណានឹងបន្តកើនឡើងបន្ថែមទៀត នៅពេលខ្លះ។
ជម្រាបជូនផងដែរថា មុនពេលជម្លោះកើតឡើង តម្លៃទំនិញនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងរួចទៅហើយ ដោយសារតែពន្ធនាំចូលរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ការកើនឡើងនៃថ្លៃដើមនៃការរស់នៅកំពុងក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ប្រធានាធិបតីអាមេរិក និងគណបក្សសាធារណរដ្ឋ ខណៈពេលដែលពួកគេកំពុងស្វែងរកការរក្សាការគ្រប់គ្រងសម្លេងសភាភាគច្រើននៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងរៀបចំធ្វើឡើងនៅខែវិច្ឆិកាខាងមុខ៕

