លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិនគឺមានភាពរឹងមាំដូចជាផ្ទាំងសិលា។ការលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅប្រទេសចិន ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានបង្ហាញការពេញចិត្ត ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ។ លោកថា ទំនាក់ទំនងកម្ពុជា និងចិនគឺមានភាពរឹងមាំដូចជាផ្ទាំងសិលាដូច្នេះដែរ។ លោក ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះការលើកឡើងរបស់ប្រធានាធិបតីជុំវិញទំនាក់ទំនងកម្ពុជានិងចិន។ សម្ដេចថា កម្ពុជា និងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោបានលើកឡើងនៅចំពោះមុខ លោក ស៊ី ជីនពីង ទៀតថា មិត្តភាពកម្ពុជា-ចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត្តចាស់ ជាមិត្តពិត និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។
សូមជម្រាបដែរថា តាមរយៈជំនួបនោះ ភាគីទាំងពីរ ក៏បានជជែកគ្នាបន្ថែមទៀតទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខ រវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏មានការចុះMOU រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនង ប្រទេសទាំង២ឲ្យកាន់តែមានភាពសកម្មបន្ថែមទៀត។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើង នាពេលបច្ចុប្បន្ននេះ ដែលស្ថានភាព នៃការប្រែប្រួលយ៉ាងឆាប់រហ័សនេះ តម្រូវឱ្យកម្ពុជា និងចិន ពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ៕ អត្ថបទ៖ហ្សាលីន

