ក្រុមហ៊ុនបានសម្រេចបញ្ចុះថ្លៃសេវាជិះលើផ្លូវចេញចូលព្រលានយន្តហោះសៀមរាបហើយ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីមានការបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ចុះទៅពិនិត្យ និងដោះស្រាយបញ្ហានេះជាបន្ទាន់ជូនប្រជាពលរដ្ឋលើរឿងក្រុមហ៊ុនចិនគ្រប់គ្រងព្រលានយន្តហោះសៀមរាបអង្គរយកថ្លៃផ្លូវ ដែលក្រុមហ៊ុនបានសាងសង់ភ្ជាប់ពីព្រលានយន្តហោះមកផ្លូវជាតិលេខ៦មក ជាលទ្ធផលពេលនេះក្រុមហ៊ុនបានសម្រេចបញ្ចុះតម្លៃលើសេវាជិះលើផ្លូវចេញចូលព្រលានរយៈពេលពីរឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយនៅរសៀលថ្ងៃទី១១ ខែមករានេះថា  បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបានធ្វើការពិភាក្សា ចរចាបន្ថែម កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លើអ្វីដែលបានឯកភាពកាលពីពេលមុន ហើយទទួលបានលទ្ធផលដូចខាងក្រោម៖

១, ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស៧កៅអី និងរយៈពេល៣០នាទី  សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

២, ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្ត គ្រប់ប្រភេទ។ ក្នុងនោះ តម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច ពីមុនទាំងផ្លូវ និងចំណតតម្លៃ៤ដុល្លារ សម្រេចបញ្ចុះ៥០% នៅសល់២ដុល្លារ(រយៈពេលមិនគិតចំណត១៥នាទី), រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃសរុប៧.២៥ដុល្លារ សម្រេចបញ្ចុះ៤៥% នៅសល់៤ដុល្លារ(រយៈពេលមិនគិតចំណត៣០នាទី), រថយន្តដឹកអ្នកដំណើរចាប់ពី ២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃសរុប១១ដុល្លារ សម្រេចបញ្ចុះ៤៥% នៅសល់ ៦ដុល្លារ(រយៈពេលមិនគិតចំណត៣០នាទី)និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃសរុប១២ដុល្លារ សម្រេចបញ្ចុះនៅសល់៣៣% ស្មើនឹង៨ដុល្លារ (រយៈពេលមិនគិតចំណត៣០នាទី)

គួរបញ្ជាក់ថា ចំពោះការបញ្ចុះតម្លៃថ្មីនេះសម្រាប់រយៈពេលពីរឆ្នាំ (២០២៤ និងឆ្នាំ២០២៥) ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤នេះតទៅ៕