សហជីព៖ ចុងឆ្នាំ២០២៣ កម្មករកាត់ដេរនៅមានឱកាសធ្វើការថែមម៉ោង មិនស្ងប់ស្ងាត់ទេ

សង្គម​និង​សេដ្ឋកិច្ច

ចូលមកដល់ខែធ្នូ ចុងឆ្នាំ២០២៣នេះ សហជីពក្នុងស្រុកសង្កេតមើលឃើញស្រដៀងគ្នាថា កម្មករ-កម្មការិនីធ្វើការនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រស្បែកជើង, រោងចក្រផលិតកាបូបធ្វើដំណើរ នៅមានការងារធ្វើថែមម៉ោងរបស់ខ្លួនជាបន្តបន្ទាប់ ពោលមិនមានភាពស្ងប់ស្ងាត់នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក អន សាខន

លោក អន សាខន អនុប្រធានសហភាពសហជីព យុវជនការពារសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ចូលមកដល់ខែធ្នូ ឆ្នាំ២០២៣នេះ យើងសង្កេតឃើញនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ កំពុងមមាញឹកក្នុងការថែមម៉ោង ហើយមានរោងចក្រខ្លះ ចង់ឱ្យខាងសហជីពជួយសម្របសម្រួលធ្វើការថែមម៉ោងនៅពេលថ្ងៃបុណ្យជាតិនិងអន្តរជាតិដើម្បីបញ្ចេញទំនិញឱ្យបានទាន់ឆ្នាំចាស់ទៀតផង។

លោកសង្កត់ធ្ងន់ថា «ព្រឹកមិញនេះ ខ្ញុំបានទៅជួបអ្នកគ្រប់គ្រងរោងចក្រមួយកន្លែង នៅខណ្ឌសែនសុខ គាត់ប្រាប់ខ្ញុំ ថាគាត់ខ្វះកម្លាំងពលកម្មដោយសាររោងចក្របានពង្រីកខ្សែច្រវាក់បន្ថែម ដែលកាលពីមុនបារម្ភខ្លាចអត់ការងារធ្វើទើបយកកន្លែងតុកាត់មកដាក់នៅជិតកន្លែងដេរ។ ប៉ុន្តែផែនការក្នុងឆ្នាំ២០២៤នេះ មានការបញ្ជាទិញខ្ពស់ ទើបបង្ខំចិត្តរៀបចំឡើងវិញ ជាហេតុធ្វើឱ្យខ្វះខាតកម្លាំងពលកម្ម»។

បើតាម លោក អន សាខន នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ខាងមុខនេះ លោកសង្កេតឃើញថា នៅក្នុងវិស័យកាត់ដេរជារួមគឺមានសន្ទុះការងារឡើងវិញ។ ខណៈប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ ត្រូវបានរាជរដ្ឋាភិបាល ពិសេសក្រសួងការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងកំណត់រួចរាល់ សម្រាប់ប្រាក់ខែគោលសម្រាប់កម្មករពេញសិទ្ធម្នាក់ទទួលបាន២០៤ដុល្លារអាមេរិចក្នុងមួយខែ។ ជាមួយនឹងប្រាក់ខែគោលនេះ លោក រំពឹងថាបងប្អូនកម្មករពេញចិត្តក្នុងការទទួលយកដើម្បីដោះស្រាយជីវភាពពួកគាត់ផងដែរ។

លោក អាត់ ធន់

ស្រដៀងគ្នានេះដែរ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានសង្កេតឃើញថា សន្ទុះនៃការធ្វើការថែមម៉ោងនៅក្នុងវិស័យកាត់ដេរនៅចុងឆ្នាំ២០២៣នេះ កម្មករមានការធ្វើជាហូរហែ ហើយការព្យួរការងារក៏បានកាត់បន្ថយបានមួយចំនួនខ្លះដែរ។

តែទោះជាបែបនេះក្តី ចូលដល់ឆ្នាំ២០២៤ខាងមុខនេះលោក មើលឃើញថា ការងារនៅក្នុងវិស័យមួយនេះអាចនឹងមិនមានការប្រែប្រួលច្រើនជាងឆ្នាំ២០២៣នោះទេ តែផ្ទុយទៅវិញវាអាចប្រឈមក្នុងករណីអាមេរិកមិនឱ្យGSP ឬសហគមន៍អឺរ៉ុប មិនឱ្យEBA ដោយសារនៅពេលបច្ចុប្បន្ននេះ ការនាំចេញផលិតផលក្នុងវិស័យមួយនេះ ស្ថិតនៅក្នុងប្រព័ន្ធGSP និង EBA នេះដូចគ្នា៕ តាកែវ