ឧកញ៉ា ណូ សុភា បញ្ជាក់ថា គ្រប់សកម្មភាពមនុស្សធម៌ដែលខ្លួនបានធ្វើកន្លងមក គឺចេញពីបេះដូងពិតប្រាកដ មិនដូចការចោទប្រកាន់

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន​ AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានចេញមកបញ្ជាក់អះអាងថា គ្រប់សកម្មភាពមនុស្សធម៌ដែលខ្លួនបានធ្វើកន្លងមក គឺចេញពីបេះដូងពិតប្រាកដ មិនដូចការចោទប្រកាន់ ឬការវាយប្រហារផ្សេងៗនៅលើបណ្តាញសង្គមនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារភ្ជាប់ជាមួយរូបភាពលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ណូ សុភា បានលើកឡើងបែបនេះថា៖ “នាងខ្ញុំ ណូ សុភា សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែល​បានតាមដាន និងផ្តល់កម្លាំងចិត្តដល់នាងខ្ញុំជានិច្ច។

ទាក់ទងនឹងការលើកឡើងខាងលើ នាងខ្ញុំសូមអនុញ្ញាត​មិនធ្វើការតបតដោយប្រើពាក្យសម្តីប្រមាថ ឬកំហឹង​នោះទេ ពីព្រោះគោលបំណងចម្បងរបស់នាងខ្ញុំ គឺការបម្រើសង្គម និងការជួយគ្នាទៅវិញទៅមកក្នុងនាម​ជាខ្មែរដូចគ្នា។ គ្រប់សកម្មភាពមនុស្សធម៌ដែលនាងខ្ញុំបានធ្វើ កន្លងមក គឺចេញពីបេះដូងពិតប្រាកដ ដោយមិន​ប្រកាន់និន្នាការ​នយោបាយ សាសនា ឬពូជសាសន៍ឡើយ។ នាងខ្ញុំជឿជាក់យ៉ាងមុតមាំថា «ការពិតគឺជាវត្ថុ​ដែលរឹងមាំបំផុត»។

“គោរមងារជា «ឧកញ៉ា» ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលបានផ្តល់ជូន គឺជាកិត្តិយសដ៏ធំធេង​ដែលជំរុញ​ឱ្យនាងខ្ញុំកាន់តែខិតខំប្រឹងប្រែងធ្វើអំពើល្អបន្ថែមទៀត។ នាងខ្ញុំមិនអាចបញ្ឈប់ការនិយាយស្តីរបស់​អស់លោកអ្នក​បានទេ ប៉ុន្តែអ្វីដែលនាងខ្ញុំអាចធ្វើបាន គឺការបន្តធ្វើអំពើល្អ និងបន្តជួយដល់ប្រជាពលរដ្ឋដែលខ្វះខាត​ជាបន្តទៀត”។ លោកស្រីឧកញ៉ា បានបន្ថែម។

ជាមួយគ្នានេះ ឧកញ៉ា ណូ សុភា សូមសន្យា ៣ចំណុចបន្ថែមរួមមាន៖ ១.នឹងបន្តប្រើប្រាស់ធនធាន និងកម្លាំងចិត្ត​ដែលមាន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាកដោយគ្មាន​ការរើសអើង។ ២.នឹងបន្តរក្សាភាពស្មោះត្រង់ និងតម្លាភាពក្នុងការងារសប្បុរសធម៌របស់ខ្លួនជាដរាប។ ៣.នឹងនៅតែ​បន្តឈរជាមួយប្រជាជន មិនថាមានការរិះគន់ ឬការមួលបង្កាច់យ៉ាងណាក៏ដោយ ព្រោះយល់ច្បាស់ថា «ការធ្វើអំពើ​ល្អ គឺដើម្បីជាតិ និងប្រជាជន មិនមែនដើម្បីការសរសើររបស់នរណាម្នាក់នោះទេ»៕