រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រៀមកាត់បន្ថយតម្លៃប្រេងឥន្ធនៈបន្ថែម ដើម្បីទប់ទល់នឹងអតិផរណា

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Koo Yun-cheol បាននិយាយកាលនៅថ្ងៃ២៦ មិថុនាថា ប្រទេសកូរ៉េខាងត្បូង នឹងបន្ថយកម្រិតកំណត់តម្លៃប្រេងឥន្ធនៈរបស់ខ្លួនបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សម្ពាធអតិផរណា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Koo Yun-cheol បាននិយាយទៅកាន់កិច្ចប្រជុំមួយថា៖”យើងបានរក្សាតម្លៃប្រេងឥន្ធនៈកម្រិតទីប្រាំមួយឱ្យនៅដដែលនៅសប្តាហ៍នេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពមជ្ឈិមបូព៌ា ប៉ុន្តែកម្រិតកំណត់ទីប្រាំពីរ នឹងទាបជាងកម្រិតបច្ចុប្បន្ន ហើយរក្សារហូតដល់តម្លៃទំនិញប្រើប្រាស់មានស្ថេរភាព”។

គួរឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានណែនាំចេញកម្រិតកំណត់តម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេស នៅក្នុងខែមីនាជាលើកដំបូង ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើង ហើយអាជ្ញាធរ បានបន្តកែសម្រួលកម្រិតនេះឲ្យកាន់តែទាបជារៀងរាល់ខែ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។

អតិផរណាទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូងបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងខែឧសភាដល់ ៣,១% ដែលជាកម្រិតខ្ពស់បំផុតមានរយៈពេលជាងពីរឆ្នាំ ពោលគឺលើសពីការរំពឹងទុក ដែលជំរុញដោយតម្លៃប្រេងខ្ពស់ដែលបង្កឡើងដោយជម្លោះមជ្ឈិមបូព៌ា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Koo Yun-cheol បាននិយាយថា រដ្ឋាភិបាលកូរ៉េនឹងខិតខំប្រឹងប្រែងបង្កើតគោលនយោបាយដើម្បីរក្សាអតិផរណាទំនិញប្រើប្រាស់ឱ្យនៅក្រោម ៣% នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ៕​