អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប សូមអំពាវនាវដល់អ្នកមានដីទំនេរ សូមឱ្យនាំគ្នាខំប្រឹងប្រែងកែប្រែដី ដោយបង្កបង្កើនផល ដាំដំណាំ ឬចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា ដឹកនាំក្រុមការងារបច្ចេកទេសសំណង់ ចុះពិនិត្យមើលការងាររៀបចំទីតាំងដី សម្រាប់សាងសង់សំណង់ក្រោលគោចំនួន២ខ្នង 168m x 61m គ្រោងប្រើប្រាស់ផ្ទៃដីប្រមាណជា ៥ហិកតា ដែលអាចដាក់គោបានប្រមាណជា ២,០០០ក្បាល មានទីតាំងស្ថិតនៅភូមិស្វាយដង្គុំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
«សម្រាប់ឱកាសនេះ ខ្ញុំសូមអំពាវនាវដល់អ្នកដែលមានផ្ទៃដីទំនេរ សូមនាំគ្នាខិតខំប្រឹងប្រែងកែប្រែដីឱ្យទៅជាដី ដែលមានប្រយោជន៍ គឺយើងត្រូវតែបង្កបង្កើតផលដាំដំណាំឬចិញ្ចឹមសត្វឱ្យបានកាន់តែច្រើនកាន់តែល្អ»។ អ្នកឧកញ៉ា បានលើកឡើង លើបណ្តាញសង្គម នៅព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា គឺជាសេដ្ឋីមួយរូបនៅកម្ពុជាលើវិស័យកសិឧស្សាហកម្ម។ អ្នកឧកញ៉ា មានចំការដូងប្រេងរាប់ម៉ឺនហិកតា នៅខេត្តព្រះសីហនុ ព្រមទាំងចិញ្ចឹមសត្វជាច្រើនប្រភេទ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ ផងដែរ៕










