លោក ត្រាំ គំរាមដាក់ចេញពន្ធនាំចូល ១០០% ទៅលើប្រទេសជាច្រើន

អន្តរជាតិ

ប្រធានាធិតបីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធនាំចូល ១០០% លើទំនិញពីប្រទេសណាមួយដែលយកពន្ធលើសេវាកម្មឌីជីថលលើក្រុមហ៊ុនរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ លោក ត្រាំ បាននសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួនថា៖ “ប្រទេសអឺរ៉ុបជាច្រើនកំពុងពិភាក្សាអំពីការអនុវត្តពន្ធសេវាកម្មឌីជីថលលើក្រុមហ៊ុនអាមេរិក។ ហើយមានប្រទេសខ្លះកំពុងខិតជិតធ្វើវាហើយ”។

ដូច្នេះ ដើម្បីជាការឆ្លើយតប លោក ត្រាំ បានគំរាមថាប្រទេសណាមួយដែលដាក់ពន្ធបែបនេះនឹងប្រឈមមុខនឹងពន្ធ ១០០% ត្រលប់ទៅវិញ លើទំនិញទាំងអស់ដែលនាំចេញទៅសហរដ្ឋអាមេរិកភ្លាមៗ។ ពន្ធថ្មីនេះនឹងជំនួសកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ដោយមិនគិតពីថាតើវាត្រូវបានអនុវត្ត ចុះហត្ថលេខា ឬអត់នោះទេ។

មិនតែប៉ុណ្ណោះ ជុំវិញពន្ធគយថ្មីនេះ ក៏នឹងរួមបញ្ចូលទាំងកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីឆ្នាំមុនរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ផងដែរ ខណៈពីមុនកិច្ចព្រមព្រៀងនេះបានកំណត់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិកលើទំនិញអឺរ៉ុបនៅត្រឹម ១៥%។

គួរជម្រាបជូនថា លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោកនឹងសងសឹកប្រឆាំងនឹងប្រទេសដែលដាក់ពន្ធលើសេវាកម្មឌីជីថល ដោយអះអាងថាពន្ធទាំងនេះកំណត់គោលដៅដោយអយុត្តិធម៌ដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក។ កាលពីខែមិថុនាកន្លងទៅ លោកបានបញ្ឈប់ការចរចាពាណិជ្ជកម្មជាមួយប្រទេសកាណាដា ដោយសារតែប្រទេសនេះមានគម្រោងអនុវត្តពន្ធស្រដៀងគ្នាផងដែរ៕