លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦»។ នៅក្នុងពិធីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អនុសាសន៍៥ចំនុច សម្រាប់យុវជន ដើម្បីអភិវឌ្ឍជំនាញកាន់តែខ្លាំងថែមទៀត។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅនេះ ក្នុងគោលបំណងផ្តល់ឱកាស និងមូលដ្ឋានក្នុងការគិតគូរជ្រើសរើសជំនាញសិក្សា និងការងារសម្រាប់យុវជនជំនាន់ក្រោយ។
លោកជំទាវបណ្ឌិត ក៏បានអរគុណដល់សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ក្នុងឱកាសខួប ៣០ឆ្នាំរបស់សមាគមដែលបានបង្កើតឡើងនៅកម្ពុជា ដោយសមាគមបានប្រែខ្លួនក្លាយជាស្ពានសម្រាប់ផ្តល់ឱកាស និងបានផ្តល់គំរូដ៏ល្អជាច្រើនដល់យុវជនជំនាន់ក្រោយ។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានគូសរំលេចបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិដោយការសួរខ្លួនឯងថា ខ្ញុំចង់រៀនអ្វី? តើខ្ញុំត្រូវធ្វើអ្វីទៅ ទើបខ្លួនឯងបានលទ្ធផលល្អ? តើសង្គមត្រូវការអ្វី? ហើយតើខ្ញុំអាចរួមចំណែកធ្វើអី្វខ្លះដើម្បីជួយដល់គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ?
ជារួមតាមរយៈកម្មពិធីនោះ លោកជំទាវបណ្ឌិត ក៏បានផ្តល់អនុសាសន៍ចំនួន៥ ដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយរួមមាន៖១. ការជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង។២. ការដែលមិនមើលរំលងនូវតម្លៃរបស់មុខជំនាញណាមួយ។៣. ការរៀនឱ្យចេះ និងបន្តរៀនសូត្រជាប់ជាប្រចាំ។៤. ការរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច និង៥. ការរក្សាស្មារតីដឹងគុណ និងការតបស្នង ពោលគឺជា កតញ្ញូជន៕ អត្ថបទ៖ហ្សាលីន

